ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ក្រុមអ្នកគាំទ្រជាច្រើននាក់បានមកប្រមូលផ្ដុំគ្នានៅច្រកចូលមជ្ឈមណ្ឌល Place de la Concorde (ផ្លាស ដឺឡា ខនខត) ស្របពេលដែលសមាជិក BTS, Jimin (ជីមីន) បង្ហាញវត្តមានចូលរួមកម្មវិធីបង្ហាញម៉ូដរបស់ក្រុមហ៊ុន Dior (ឌីអ) កាលពីចុងសប្ដាហ៍កន្លងទៅ។
វត្តមានរបស់តារាល្បីៗលំដាប់ពិភពលោកដូចជាតារាខេប៉ុប Jimin, តារាសម្ដែង Robert Pattinson (រ៉ូបឺត ផេតធីនសុន) អតីតតារាបាល់ទាត់ David Beckham និងកូនប្រុសបានធ្វើឱ្យបរិយាកាសខាងក្រៅឆាកបង្ហាញម៉ូដរបស់ Dior មានសភាពអ៊ូអរនិងកកកុញខ្លាំង ខណៈអ្នកគាំទ្រជាច្រើនបានមកជុំគ្នាដើម្បីបានជួបតារាក្នុងចិត្តរបស់ខ្លួន។
នេះជាការចូលរួមព្រឹត្តិការណ៍ Dior លើកដំបូងរបស់ Jimin បន្ទាប់ពីសមាជិកក្រុម BTS រូបនេះត្រូវបានតែងតាំងជាទូតផ្សព្វផ្សាយសកលរបស់ប្រ៊េនប្រណីតមួយនេះ។
សម្រាប់កម្មវិធីសប្ដាហ៍ម៉ូដក្រុងប៉ារីសផ្នែកសម្លៀកបំពាក់បុរសក្នុងឆ្នាំនេះ ក្រុមហ៊ុន Dior បានបង្ហាញម៉ូដបែបក្លាស៊ិកដែលមានបញ្ចូលនូវគំនិតច្នៃប្រឌិតថ្មីៗដើម្បីឱ្យមានភាពទាន់សម័យនិងទាក់ទាញមួយកម្រិតទៀត។
ជាមួយគ្នានោះ លោក Kim Jones (គីម ចូន) ជានាយកផ្នែកសិល្បៈរបស់ Dior men (ឌីអ មេន) ក៏បានកែច្នៃសម្លៀកបំពាក់និងរបស់របរប្រើប្រាស់ផ្សេងៗដូចជាមួកការពារភ្លៀង និងអាវរងាអ្នកនេសាទឱ្យក្លាយទៅជាហ្វេសិនដ៏លេចធ្លោទាន់សម័យមួយបែបដែរ។ កម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់បុរសនៅទីក្រុងប៉ារីសបានប្រព្រឹត្តទៅរយៈពេលមួយសប្ដាហ៍ពេញ និងបានបញ្ចប់ទៅនៅថ្ងៃទី២២ ខែមករា ៕
ប្រែសម្រួល៖ វ៉ាន់ថន