ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ជោគជ័យខ្លាំងលើវគ្គ១ រឿង «លោកប៉ាមហាកូរ» ចាប់ផលិតវគ្គ២ហើយ ដោយតារាល្បីៗជាតួអង្គសម្តែងក្នុងរឿងនេះប្រាប់មកថា អ្នកគាំទ្រត្រៀមតែសើច ព្រោះវគ្គនេះ២ទៅ មានឈុតឆាកកំប្លែងលើសការរំពឹងទុកច្រើនណាស់។
បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងលើរឿង «លោកប៉ាមហាកូរ» កាលពេលកន្លងទៅ ផលិតកម្ម LD បានកំពុងបន្តផលិតរឿង «លោកប៉ាមហាកូរ» វគ្គ២ (Single dad II) ដើម្បីបំពេញតម្រូវការរបស់ទស្សនិកជនអ្នកគាំទ្រភាពយន្តខ្មែរ។
តាមការបង្ហើបពីតួអង្គសំខាន់ៗក្នុងរឿង «លោកប៉ាមហាកូរ» វគ្គ២ សាច់រឿងវគ្គ២នេះ ផ្តល់គុណតម្លៃអប់រំដល់អ្នកទស្សនាច្រើនមិនខុសវគ្គមុនប៉ុន្មានឡើយ ប៉ុន្តែសាច់រឿងស៊ីជម្រៅខ្លាំងជាងវគ្គមុនទៅទៀត ដោយមានបង្កប់ភាពរ៉ូមែនទិចច្រើន តែក៏លាយឡំភាពសោកសៅ ការឈឺចាប់ ការយល់ច្រឡំ ពិសេសជាងគេ គឺភាពកំប្លុកកំប្លែងខ្លាំងជាងវគ្គមុនទៅទៀត។
មិនតែប៉ុណ្ណោះ អ្នកនិពន្ធ និងអ្នកដឹកនាំរឿង បានដាក់បញ្ចូលតួអង្គថ្មីៗជាច្រើនរូប ថែមពីលើតួអង្គវគ្គមុន ដើម្បីញ៉ាំងឱ្យសាច់រឿងនេះកាន់តែប្រទាក់ក្រឡាសម្រាប់អ្នកទស្សនា។ គួរឱ្យភ្ញាក់ផ្អើល តារាសម្តែងឆ្នើមលំដាប់ប្រទេស កញ្ញា ស៊ីន យូប៊ីន ក៏លេចវត្តមានក្នុងរឿងនេះផងដែរ ដោយនាងនឹងមកអង្រួនសាច់រឿងវគ្គ២នេះឱ្យរង្គោះរង្គឺ ជាមួយតារាសម្តែងជើងចាស់ ទេព រិន្ទដារ៉ូ ជាតួអង្គឪពុកពោះម៉ាយទ្រព្យស្តុក។
គ្រាន់តែបានអានសាច់រឿងត្រួសៗ តារាល្បីៗជាតួអង្គក្នុងរឿងនេះ លើកឡើងថា អ្នកគាំទ្រត្រៀមតែសើច រឿង «លោកប៉ាមហាកូរ» វគ្គ២នេះទៅ ព្រោះមានឈុតឆាកកំប្លែកលើសការរំពឹងទុកច្រើនណាស់។ អ្នកគាំទ្រវគ្គមុន បើមិនបានទស្សនារឿងវគ្គ២នេះពិតជាស្តាយក្រោយជាក់មិនខាន។
តាមគម្រោង រឿង «លោកប៉ាមហាកូរ» វគ្គ២ នឹងបញ្ចប់ការថតនៅចុងខែ មករា ឆ្នាំ២០២៣នេះ ហើយត្រៀមបង្ហាញខ្លួនតាមបណ្តារោងភាពយន្តនាពេលឆាប់នេះខាងមុខ។ កុំភ្លេចរង់ចាំតាមដានទស្សនារឿង «លោកប៉ាមហាកូរ» វគ្គ២ ឱ្យបានច្រើនកុះករ។ ការគាំទ្ររបស់លោកអ្នកជាចលករដ៏សំខាន់ក្នុងជំរុញលើកស្ទួយវិស័យភាពយន្តខ្មែរ និងជាកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់សិល្បករជាតារាសម្តែង៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច