ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥
បន្ទាប់ពីឆ្លងកាត់ការសម្តែងជាមួយគ្នាជាច្រើនរឿងមកបានធ្វើឱ្យអ្នកដឹកនាំរឿងកាន់តែពេញចិត្តខ្លាំងលើ ឃីម ហ្សានីត និងសេង រដ្ឋា ហើយគិតថាតារាទាំងពីរដួងជាដៃគូដ៏ល្អនឹងគ្នាទៀតផង រហូតបានហៅអ្នកទាំងពីរថតរឿងភាគថ្មីរបស់ទូរទស្សន៍ ភីអិនអិន ជាបន្តទៀតដែលត្រៀមនឹងដាក់បញ្ចាំងនៅឆ្នាំ ២០២៣ ខាងមុខនេះ ។
វត្តមានថ្មីរបស់កញ្ញា សេង រដ្ឋា និងលោក ឃីម ហ្សានីត នៅក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ ភីអិនអិន ដែលត្រៀមនឹងចាក់ផ្សាយនៅក្នុងឆ្នាំ ២០២៣ ខាងមុខ នឹងធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយសារការប៉ះគ្នាលើកនេះ ពិតជាពិសេសនិងប្លែកជាងលើកមុនៗ សូម្បីតែ សេង រដ្ឋា ផ្ទាល់ក៏ពេញចិត្តនូវស្នាដៃថ្មីរបស់ខ្លួនផងដែរ ។
ការប៉ះគ្នារវាងកញ្ញា សេង រដ្ឋា និងលោក ឃីម ហ្សានីត នៅក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ ភីអិនអិន ដែលមានចំណងជើងថា « បុព្វេនិម្មិត » នឹងធ្វើឱ្យកក្រើកពិភពសម្តែងជាថ្មីម្តងទៀតបន្ទាប់ពីអ្នកទាំងពីរបានប៉ះគ្នាជាច្រើនលើកមក។យ៉ាងណាក៏ដោយមិនដឹងថា ការប៉ះគ្នាលើកនេះតារាល្បីឈ្មោះទាំងពីររូបនឹងមានអ្វីកើតឡើងនោះទេ ជាក់ស្តែងគ្រាន់តែលឺចំណងជើងរឿង ក៏មានអារម្មណ៍ថាគួរឱ្យចង់ទស្សនាផងដែរ ។
កញ្ញា សេង រដ្ឋា ហាក់មានការជឿជាក់ស្តែងលើកស្នាដៃថ្មីរបស់ខ្លួន ដោយនាងបាននិយាយថា ការសម្តែងពីមួយរឿងទៅមួយរឿង កាន់តែធ្វើឱ្យនាងទទួលបានបទពិសោធថ្មីៗ ជាពិសេសនៅក្នុងរឿង « បុព្វេនិម្មិត » គឺកាន់តែធ្វើឱ្យនាងពេញចិត្តខ្លាំងជាមួយនិងសាច់រឿងនេះ បើទោះបីជាការថតរឿងនេះជួបនូវការលំបាកជាច្រើន ប៉ុន្តែនាងមិនរុញរាឡើយ ។
ចំណែកលោក ឃីម ហ្សានីត ដែលជាតួឯកប្រុសនៅក្នុងរឿង « បុព្វេនិម្មិត » ក៏បាននិយាយផងដែរថា រឿង « បុព្វេនិម្មិត » ជារឿងបុរាណលាយសម័យ ដែលមានចំណុចពិសេសៗជាច្រើនបង្កប់នៅក្នុងសាច់រឿង សូម្បីតែលោកផ្ទាល់ក៏មិននឹកស្មានថាអ្នកដឹកនាំរឿង កែសាច់រឿងទៅជាបែបនេះទេ តែលោកពិតជាពេញចិត្តខ្លាំងដែលបានចូលរួមសម្តែងក្នុងរឿងនេះ ។ លោក ឃីម ហ្សានីត ក៏បានប្រាប់ពីមូលហេតុដែលអ្នកដឹកនាំរឿងជ្រើសរើសលោកនិងកញ្ញា សេង រដ្ឋា សម្តែងរួមគ្នានៅក្នុងរឿង «បុព្វេនិម្មិត » ថា ដោយសារអ្នកទាំងពីរមានចំណុចពិសេសដូចគ្នាជាច្រើន ។
លោក ឃីម ហ្សានីត បានលាន់មាត់សរសើរពីតារាស្រី សេង រដ្ឋា ផងដែរថា កញ្ញា សេង រដ្ឋា ជាដៃគូសម្តែងដ៏ល្អកម្ររកបាន នាងមិនត្រឹមតែពូកែសម្តែងប៉ុណ្ណោះទេ នាងថែមទាំងរួសរាយរាក់ទាក់ និងគួរឱ្យស្រឡាញ់ទៀត លោកសង្ឃឹមថា នឹងបានចាប់ដៃគូគ្នាជាបន្តបន្ទាប់ទៀតនៅក្នុងរឿងភាគក្រោយៗទៀតរបស់ទូរទស្សន៍ ភីអិនអិន ។ ប្រសិនបើទស្សនិកចង់ដឹងច្បាស់ថា តើនឹងមានអ្វីកើតឡើងរវាងតារាសម្តែងលោក ឃីម ហ្សានីត និង កញ្ញា សេង រដ្ឋា នៅក្នុងរឿង « បុព្វេនិម្មិត » កុំភ្លេចរងចាំទស្សនាទាំងអស់គ្នានៅក្នុងទូរទស្សន៍ ភីអិនអិន នៅក្នុងឆ្នាំ ២០២៣ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា