ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥
ខណៈតម្រូវការកម្លាំងពលកម្មនៅតែមានច្រើន យុវជនជាច្រើន ងាកមករៀនជំនាញវិជ្ជាជីវៈ ដែលពួកគេគិតថា នឹងមានឱកាសការងារច្រើន ពេលអនាគត។ ជាក់ស្តែង យុវជន សុខ ភារម្យ ចាប់យកជំនាញបរិក្ខារត្រជាក់ ដោយហេតុគេសម្លឹងឃើញពីឱកាសការងារច្រើន ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។
យុវជន សុខ ភារម្យ មានស្រុកកំណើតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល និងបច្ចុប្បន្នជាសិស្សកំពុងរៀនជំនាញបរិក្ខារត្រជាក់ តាមរយៈកម្មវិធី ១លាន ៥សែននាក់ របស់រាជរដ្ឋាភិបាល នៅវិទ្យសា្ថនជាតិពហុបច្ចេកទេសតេជោសែន ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយមើលឃើញពីតម្រូវការការងារច្រើននាពេលបច្ចុប្បន្ន យុវជនរូបនេះ បានស្វះស្វែងរករៀនជំនាញដើម្បីជាទុនសម្រាប់ខ្លួនឯងទៅថ្ងៃអនាគត។
យុវជន សុខ ភារម្យ បានឱ្យដឹងថា ខណៈខ្លួនមកពីគ្រួសារដែលមានប័ណ្ឌសមធម៌ និងទទួលបានព័ត៌មានពីការសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែផងនោះ ភារម្យក៏សម្រេចចិត្តមករៀនជំនាញនៅក្នុងវិទ្យាស្ថាននេះ ដោយគិតថា បន្ទាប់ពីរៀនចប់ ខ្លួននឹងមានការងារធ្វើ និងមានប្រាក់ខែសមរម្យ។
យុវជន ភារម្យ បានចូលរៀនជំនាញបរិក្ខារត្រជាក់នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែននេះ បានជាង ២ខែមកហើយ និងទទួលបានចំណេះដឹងច្រើនគួរសម ដែលយុវជនរូបនេះថា បច្ចុប្បន្ន ខ្លួនអាចចេញទៅជួយការងារជាមួយសិស្សច្បងបាន និងទទួលបានកម្រៃជាបណ្តើរៗផងដែរ។
យុវជនរូបនេះ ក៏បានអំពាវនាវដល់យុវជនទាំងអស់ ដែលមានបំណងរៀនជំនាញវិជ្ជាជីវៈ អាចមកចុះឈ្មោះរៀនតាមរយៈកម្មវិធី ១លាន ៥សែននាក់នេះបាន ហើយយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យក្រៅពីការសិក្សាដោយឥតគិតថ្លៃ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាខែចំនួន ២៨ម៉ឺនរៀល រយៈពេល ៤ខែថែមទៀត៕
អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ហ៊ុន សុជាតា