ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រម្លឹកពីជ្រុងមួយនៃបេសកកម្មរបស់សម្តេច ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កាលពី ៤ឆ្នាំមុន

២៨ មីនា ២០២៥ | ព័ត៌មានជាតិ

អមដោយរូបថត ១សន្លឹក ដែលត្រូវគេថតបាន ពេលកំពុងសម្រាកមិនដល់ ៥វិនាទី ខណៈសម្តេច កំពុងដឹកនាំរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅលើបណ្តាញសង្គម នាថ្ងៃទី២៧ ខែមីនានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «មួយភ្លែតសោះ ៤ឆ្នាំកន្លងផុតទៅហើយ»។ 

 

 

សម្តេចបវរធិបតី បន្តថា រូបថតនេះ គឺក្នុងពេលដែលសម្តេចកំពុងដឹកនាំរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ដែលជាអតីតមន្ទីរពេទ្យ ស្ត្រីនគរទេព ដើម្បីប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅសណ្ឋាគារ The Great Duke។ 

 

 

សម្តេចបវរធិបតី បន្ថែមថា សម្តេចនៅចាំច្បាស់ថា នៅពេលនោះ គឺយើងកំពុងស្ថិតនៅក្នុងដំណាក់កាលមិនច្បាស់លាស់អំពីអនាគតរបស់ប្រទេសជាតិ និងប្រជាជនយើងនៅឡើយ នៅក្នុងដំណាក់កាល ដែលមានការឆ្លង និងស្លាប់មនុស្សជាច្រើន នៅតាមបណ្ដាប្រទេសនានា លើសាកល ដោយសារជំងឺកូវីដ១៩។ 

 

 

ដោយឡែក នៅព្រះរាជាណាចក្រកម្ពុជា ពេលនោះគឺជាដំណាក់កាលដំបូងនៃការឆ្លងរីករាលដាល នៅក្នុងសហគមន៍ ដែលមានអ្នកឆ្លងកើនឡើងយ៉ាងលឿន។ ជាក់ស្ដែងនៅរាជធានីភ្នំពេញ មានអ្នកឆ្លងជំងឺកូវីដ១៩ រាប់រយនាក់ក្នុងមួយថ្ងៃ ដែលមន្ទីរពេទ្យរបស់យើងមិនអាចរ៉ាប់រងបាន។ 

 

 

សម្តេចនាយករដ្ឋមន្ត្រី បន្ថែមថា ទោះស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់អំពីការវិវឌ្ឍន៍នៃជំងឺកូវីដ១៩ នាពេលនោះក៏ដោយ អ្វីដែលច្បាស់សម្រាប់សម្តេច នាពេលនោះ គឺបើយើងនៅស្ងៀមមិនធ្វើអ្វីសោះ បញ្ហានឹងមិនរលាយបាត់នោះទេ។ ផ្ទុយទៅវិញ បញ្ហាអាចវិវឌ្ឍន៍ កាន់តែធ្ងន់ធ្ងរទៅទៀត។ 

 

 

ហេតុដូច្នេះ យើងមិនមានជម្រើសអ្វី ក្រៅអំពីការប្រឈមផ្ទាល់ជាមួយនឹងបញ្ហា ហើយខិតខំចូលរួមដោះស្រាយទៅតាមលទ្ធភាព ដែលយើងអាចធ្វើទៅបាន រួមទាំងការរៀបចំមណ្ឌលព្យាបាលកម្រិតស្រាល និងពេទ្យព្យាបាលកម្រិតធ្ងន់សម្រាប់ព្យាបាលនិងសង្គ្រោះជីវិតប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ ឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន នៅពេលនោះ៕

 

 

 

អត្ថបទ និងរូបភាព៖ PNN

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025