ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥

គម្រោងអភិវឌ្ឍន៍វិស័យអប់រំរបស់ ADB ផ្តល់ឱកាសឱ្យសិស្សវិទ្យាល័យ ហ៊ុន សែន ចំការដូង មានឱកាសសិក្សា STEM កាន់តែខ្លាំង 

២៥ មីនា ២០២៥ | ព័ត៌មានជាតិ

 

 

ក្រោមការគាំទ្ររបស់ ADB សិស្សវិទ្យាល័យ ហ៊ុន សែន ចំការដូង នៅក្នុងខេត្តកែប ទទួលបានឱកាសសិក្សា STEM កាន់តែខ្លាំង រហូតអាចចេញទៅប្រកួតជាមួយវិទ្យាល័យដទៃទៀត នៅទូទាំងប្រទេស និងជាប់ជ័យលាភីជាបន្តបន្ទាប់។ នាយកវិទ្យល័យ ហ៊ុន សែន ចំការដូង បានលើកឡើងថា ចាប់តាំងពីមានការគាំទ្ររបស់ ADB ក៏ដូចជា ការជ្រោមជ្រែងពីរាជរដ្ឋាភិបាល គុណភាពសិក្សា នៅក្នុងវិទ្យាល័យក្នុងខេត្តជាប់មាត់សមុទ្រនេះ កើនឡើង គួរឱ្យកត់សម្គាល់។ 

 


កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ឬហៅកាត់ថា ADB  បាននឹងកំពុងផ្តល់ឱកាសឱ្យសិស្ស និងគ្រូបង្រៀន នៅវិទ្យាល័យ ហ៊ុន សែន ចំការដូង ខេត្តកែប អភិវឌ្ឍន៍សមត្ថភាពទៅលើមុខវិជ្ជា STEM កាន់តែខ្លាំង តាមរយៈការគាំទ្ររបស់ ADB ទៅលើ អគារធនធានមានបន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ បន្ទប់ប្រជុំមួយ បណ្ណាល័យ និងបន្ទប់គ្រូបង្រៀនជាដើម។

 

 

ការគាំទ្រទាំងនេះ ធ្វើឱ្យសិស្សានុសិស្សនៅក្នុងវិទ្យាល័យនេះ បានសិក្សាបន្ថែមទៅលើការអនុវត្ត និងការពិសោធន៍ជាក់ស្តែង លើមុខវិជ្ជារូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា សំដៅបំពេញបន្ថែម ការសិក្សាទ្រឹស្តី។ ដោយឡែកសាលាមធ្យមសិក្សាផ្សេងទៀតដែលនៅជិតនោះក៏អាចប្រើបរិក្ខារទាំងនេះបានដែរ។លោក ឡុង សោភា នាយកវិទ្យាល័យ ហ៊ុនសែន ចំការដូង ខេត្តកែប បានឱ្យដឹងក្នុងនៅក្នុង ដំណើរទស្សនៈកិច្ចក្រោមការដឹកនាំរបស់ ADB កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ កន្លងទៅថា ការគាំទ្ររបស់ ADB  បានជម្រុញឱ្យសិស្សានុសិស្សនៅក្នុងវិទ្យាល័យរបស់ខ្លួន ងាកមកចាប់អារម្មណ៍សិក្សា STEM កាន់តែខ្លាំង។ 
ដាក់ឃ្លីបសម្ភាសលោក ឡុង សោភា នាយកវិទ្យាល័យ ហ៊ុន សែន ចំការដូង 

 

 

ថ្លែងនៅក្នុងដំណើរទស្សនកិច្ចនេះ លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី  បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក នៅវិទ្យាល័យ ហ៊ុន សែន ចំការដូង នេះបានគូសបញ្ជាក់ពីរបៀបដែល កម្មវិធីអភិវឌ្ឍន៍អប់រំមធ្យម សិក្សាទុតិយភូមិទី២ របស់ ADB អាចផ្លាស់ប្តូរការសិក្សា និងបើកឱកាសសម្រាប់សិស្សានុសិស្សទូទាំងប្រទេស តាមរយៈការធ្វើឱ្យប្រសើរឡើងនូវថ្នាក់រៀន និងបន្ទប់ពិសោធន៍ បូករួមទាំងការបណ្តុះបណ្តាលផ្តោតសំខាន់សម្រាប់គ្រូបង្រៀន យុវជនបច្ចុប្បន្ន អាចសិក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដោយអន្តរកម្ម និងការចូលរួម។

 


លោកបន្ថែមថា ADB ត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តធ្វើជាដៃគូ ជាមួយនឹងរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនានា ដើម្បីធានាថា ឱកាសទាំងនេះ បាន ទៅដល់សិស្សកាន់តែច្រើន ជាពិសេសអ្នកដែលត្រូវការពួកគេច្រើនបំផុត។

 


គួររម្លឹកដែរថា កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-2)នេះ បានចាប់អនុវត្តពីខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ដោយប្រើប្រាស់កញ្ចប់ហិរញ្ញប្បទានសរុប ៥៣,៥ លានដុល្លារ ក្នុងនោះហិរញ្ញប្បទានរបស់ ADB ចំនួន ១៥ លានដុល្លារជាប្រាក់កម្ចី និង ៣៥ លានដុល្លារ ជាជំនួយឥតសំណងរបស់ ADB និង ៣,៥ លានដុល្លារ ជាវិភាគទានពីរាជរដ្ឋាភិបាលកម្ពុជា៕
 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ហ៊ុន សុជាតា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025