ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥

បន្ទាប់ពីចូលកាន់តំណែង លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ធ្វើដំណើរទស្សនកិច្ច មកកាន់កម្ពុជា 

២១ មីនា ២០២៥ | ព័ត៌មានជាតិ

ប្រធានថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី លោក Masato Kanda បានធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា ជាលើកដំបូង បន្ទាប់ពីចូលកាន់តំណែង។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Masato Kanda ដែលជាជនជាតិជប៉ុន បានធ្វើដំណើរទៅមើលគម្រោងចំនួន ២ នៅក្នុងខេត្តកែប និងបានសម្តែងភាពរីករាយ បន្ទាប់ពីឃើញផលវិជ្ជមានពីគម្រោងទាំងនេះ ផ្តល់ឱ្យប្រជាពលរដ្ឋក្នុងសហគមន៍។ 

 


កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង បន្ទាប់ពីចូលកាន់ដំណែងជាប្រធានធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ដោយបានធ្វើដំណើរទៅមើលគម្រោងចំនួន ២ នៅក្នុងខេត្តកែប រួមមាន គម្រោងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព នៅសហគមន៍នេសាទភូមិថ្មី និង កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ នៅអនុវិទ្យាល័យ ហ៊ុន សែន ចំការដូង។ 

 


ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងដំណើរទស្សនកិច្ចនេះ លោក Masato Kanda លើកឡើងថា លោកបានសម្រេចចិត្តជ្រើសរើសយកប្រទេសកម្ពុជា ជាប្រទេសដំបូងក្នុងការធ្វើដំណើរទស្សនកិច្ចរបស់លោកក្នុងនាមជាប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ហើយការសម្រេចចិត្តរបស់លោកពិតជាត្រឹមត្រូវបន្ទាប់ពីបានឃើញពីគម្រោងជាក់ស្តែង ព្រមទាំងភាពរីកចម្រើនផ្សេងៗ។

 

 

ទន្ទឹមនឹងការរីកចម្រើន លោកក៏ឃើញពីបញ្ហាប្រឈមមួយចំនួនដែរ ប៉ុន្តែលោកថា នៅក្នុងបញ្ហាប្រឈមទាំងនោះគឺសុទ្ធសឹងតែជាឱកាសនៅក្នុងការជួយសហការបន្តជាមួយរាជរដ្ឋាភិបាលកម្ពុជា។ 


ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីនេះ បានជួបជាមួយប្រជាសហគមន៍ និងសិស្សានុសិស្ស ដែលទទួលផលពីគម្រោងរបស់ ADB និងបានសម្តែងភាពរីករាយនៅពេលឃើញផលជះពីគម្រោងរបស់ខ្លួនទៅដល់ពួកគេទាំងអស់។ លោកថា ផលជះទាំងនេះ គឺជាឧទាហរណ៍មួយនៃការប្តេជ្ញារចិត្តរបស់ ADB នៅក្នុងការនាំមកនូវការផ្លាស់ប្តូរយូរអង្វែង ដោយធ្វើយ៉ាងណាធ្វើការជិតស្និតជាមួយប្រជាពលរដ្ឋនៅក្នុងតំបន់ និងរាជរដ្ឋាភិបាលជាដៃគូ៕
 

 

អត្ថបទ៖ អ៊ីសា ហាសាណះ, រូបភាព៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025