ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញអង្គភាពពាក់ព័ន្ធទាំងអស់ បង្កើនប្រសិទ្ធភាពបង្រ្កាបការជួញដូរមនុស្ស និងគ្រឿងញៀនឆ្លងដែន

២៨ មីនា ២០២៥ | ព័ត៌មានជាតិ


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ បន្តបង្កើនប្រសិទ្ធភាព ក្នុងការបង្រ្កាបការជួញដូរមនុស្ស និងបញ្ហាគ្រឿងញៀនឆ្លងដែនដែលបញ្ហានេះ នៅតែបន្តកើនឡើង។ការថ្លែងបែបនេះ បានធ្វើឡើង នៅក្នុងពិធីបិទសនិ្នបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅឯក្រសួងមហាផ្ទៃ។

 


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជា កំពុងក្លាយជាទីតាំងជួញដូរមនុស្ស និងបញ្ហាគ្រឿងញៀន ដោយកាលពីអតីតកាល ពលរដ្ឋកម្ពុជា ត្រូវបានគេជួញដូរទៅបណ្តាប្រទេសផ្សេងៗ ប៉ុន្តែនៅពេលនេះ ពលរដ្ឋពីបណ្តាប្រទេសផ្សេងៗ ត្រូវបានគេជួញដូរមកកម្ពុជា ឬឆ្លងកាត់កម្ពុជា ហើយបញ្ហាគ្រឿងញៀន នៅឆ្នាំ២០២៤ ត្រូវបានបង្រ្កាបបានជាង១២តោនដែលគ្រឿងញៀនទាំងអស់នេះ មិនមែនប្រើប្រាស់នៅកម្ពុជា គឺឆ្លងកាត់កម្ពុជា បន្តទៅបណ្តាប្រទេសផ្សេង។

 


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា នៅពេលខាងមុខ នៅតាមបន្ទាត់ព្រំដែន នឹងមានក្រុមចម្រុះដែលធ្វើការបង្រ្កាបទៅលើបញ្ហាគ្រឿងញៀន និងការជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធិភាព ដោយនៅតាមបណ្តាខេត្តព្រំដែន នឹងមានបន្ថែមសុនខ២ក្បាល ដើម្បីហិតគ្រឿងញៀន និងទប់ស្កាត់ការជួយដូរមនុស្ស។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្ថែមទៀតថា កម្ពុជា ក៏ជាប្រទេសមួយដែលរងគ្រោះ ដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន មានដូចជា បទល្មើសជួញដូរមនុស្ស បទល្មើសជួញដូរចែកចាយគ្រឿងញៀន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលឧក្រិដ្ឋជន បាននិងកំពុងពង្វក់ស្មារតីប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុសស្រី ឱ្យឆ្កួតវង្វេង និងរងគ្រោះដល់អាយុជីវិតថែមទៀតផង។

 

 

បញ្ហារងគ្រោះ និងងាយគ្រោះរបស់ប្រជាពលរដ្ឋខ្មែរដែលធ្វើចំណាកស្រុកនៅប្រទេសគោលដៅមួយចំនួន ជាពិសេស ក្នុងវិស័យនេសាទសមុទ្រ មិនទាន់ត្រូវបានដោះស្រាយបាននៅឡើយផង ក៏មានប្រជាជននៃបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់ ហូរចូលមកប្រទេសកម្ពុជា ទាំងដោយស្របច្បាប់ និងមិនស្របច្បាប់ និងបានបង្កើមូលដ្ឋានប្រព្រឹត្តិបទល្មើសដោយសម្ងាត់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបង្កប់នូវបទល្មើសពាក់ព័ន្ធដទៃទៀត រួមទាំងអំពើបង្ខិតបង្ខំដោយគម្រាមកំហែង កេងប្រវ័ញ្ច ជួញដូរ រំលោភបំពានលើរាងកាយ ផ្លូវភេទជាដើម និងអូសទាញឱ្យមានការចូលរួមក្នុងបណ្តាញបទល្មើសយ៉ាងច្រើនកុះករ ដោយមានទាំងជនល្មើស ទាំងជនរងគ្រោះ។

 


សូមជម្រាបថា បើតាមរបាយការណ៍របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ បានបង្ហាញឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤កន្លងទៅនេះ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ មិនបានថយចុះឡើយ ថែមទាំង បានកើនឡើង ដែលជារួម លទ្ធផលនៃការបង្រ្កាប បានដល់១៩៧ករណី គឺកើនចំនួន៣៣ករណី ស្នើនឹង២០.១៥ភាគរយ បើប្រៀបធៀបទៅនឹង លទ្ធផលនៃការបង្រ្កាបឆ្នាំ២០២៣។

 

 

 

អត្ថបទ៖ តុល សុភ័ណ រូបភាព៖ ឆិល សុភ័ស្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025