ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

សមិទ្ធករ និងសាធារណជនច្រើនកុះករ ចូលរួមបើកមហោស្រពភាពយន្តខ្លីចតុមុខ លើកទី១១ 

២៨ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

 

សមិទ្ធករ និងសាធារណជន ច្រើនកុះករ បានចូលរួមបើកមហោស្រពភាពយន្តខ្លីចតុមុខ លើកទី១១ កាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីស្វែងរកម្ចាស់ជយលាភីភាពយន្តខ្លីកម្ពុជាល្អបំផុតប្រចាំឆ្នាំ២០២២។ មហោស្រពភាពយន្ដខ្លីចុតុមុខ ឆ្នាំ២០២២ លើកទី១១ បានរៀបចំកម្មវិធីបើកជាផ្លូវការ កាលពីចុងសប្តាហ៍កន្លងទៅ ក្រោមអធិបតីភាព ឯកឧត្តម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំង សមិទ្ធករ យុវសមិទ្ធករ និងសាធារណជនយ៉ាងច្រើនកុះករ។

 

 

CSFF លើកទី១១ មានភាពយន្តខ្លីជាតិ-អន្តរជាតិ សរុប៥៥រឿង បាននឹងចាក់បញ្ចាំងនៅរោងភាពយន្ដ Major Cineplex by Smart - Sorya, រោងភាពយន្ដ Legend Cinema - Noro Mall និងនៅសាលសន្និសីទចតុម្មុខ រយៈពេល៤ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី២៥ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។  លោក ស៊ុំ ស៊ីថែន អ្នករៀបចំមហោស្រពភាពយន្តខ្លីចតុមុខ លើកឡើថា មហោស្រពឆ្នាំនេះមានលក្ខណៈពិសេសច្រើនជាងឆ្នាំមុនៗលើសាច់រឿង ហើយបច្ចេកទេសក្នុងការផលិតភាពយន្តក៏មើលទៅកាន់តែមានគុណភាព។

 

 

ទៀតសោត រឿងជាតិខ្លះធ្លាប់ទទួលពាននៅក្រៅប្រទេសរួចមកហើយ ក៏បានចូលខ្លួនមកដណ្តើមពាន CSFF ឆ្នាំនេះផងដែរ រីឯ ម្ចាស់ពានឆ្នាំមុនក៏មានដាក់រឿងចូលប្រកួតដូចគ្នាដែរ។ មិនខុសពីឆ្នាំមុនៗ CFSS នៅបើកឱកាសដល់យុវសមិទ្ធករជំនាន់ថ្មី ជាពិសេសខាង PSE ក៏បានដាក់ភាពយន្តខ្លី ៦រឿង ចូលរួមប្រកួតប្រជែងមហោស្រពឆ្នាំនេះផងដែរ។

 


លោកបន្តថា «បន្ទាប់ពីការវិវត្តឡើងចុះក្នុងការងាររបស់យើងប៉ុន្មានឆ្នាំកន្លងមក ក្រុមភាពយន្តឈូករ័ត្ន បានឈានដល់របត់ថ្មីនៃការរៀបចំកម្មវិធី ជាពិសេសក្នុងបរិបទក្រោយកូវីដ១៩។ ដោយសារ វិបត្តិសកលកំពុងបញ្ចប់ សមិទ្ធករទាំងក្នុងស្រុក និងក្រៅស្រុក នៅតែបន្តដាក់រឿងមកមហោស្រពយើង។

 

 

ដូចដែលពាក្យស្លោកឆ្នាំ២០២២ លើកឡើង៖ «ឈុតថ្មីបំភ្លឺថ្ងៃថ្មី / A Short Scene Can Brighten Your Day» ដូច្នេះ យើងខ្ញុំបន្តរៀបចំមហោស្រពលើកនេះដោយផ្ទាល់ឡើងវិញ ដោយរំពឹងថា នឹងនាំខ្លឹមសារ និងបទពិសោធន៍ថ្មីៗ ជូនសមិទ្ធករ និងសាធារណជន»។  សូមជម្រាបថា សម្រាប់មហោស្រពភាពយន្ដខ្លីចុតុមុខ ឆ្នាំ២០២២ មានរង្វាន់ច្រើនជាងឆ្នាំមុនៗដែលនឹងជួយជំរុញឱ្យផលិតករ បន្តខិតខំផលិតស្នាដៃល្អៗថែមទៀតក្នុងន័យជួយជំរុញ និងលើកម្ពស់វិស័យភាពយន្តរបស់ កម្ពុជាឱ្យបោះជំហានទៅមុខកាន់តែខ្លាំង៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024