ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

ប្រធានសមាគមចំនួន ២ គាំទ្រចំណាត់ការរបស់ធនាគារជាតិ ដោះស្រាយបញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារចាស់ ប្រឡាក់ ឬខូចខាតខ្លះ

២៦ កក្កដា ២០២៤ | សេដ្ឋកិច្ច

ប្រធានសមាគម ២រូប មកពីវិស័យទេសចរណ៍ និងវិស័យធនាគារ គាំទ្រយ៉ាងពេញទំហឹងទៅលើ ចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា ដែលដោះស្រាយបញ្ហាការចាយក្រដាសប្រាក់ ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលទៅទស្សនា នៅខេត្តសៀមរាបផងដែរ។បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានអ្នកលក់ដូរប្រាប់សម្តេចផ្ទាល់ ពេលដែលសម្តេចចុះទៅ Pub Street កាលពីយប់ថ្ងៃទី ១៧ កក្កដា ២០២៤ កន្លងទៅនេះ។ 

 


ទន្ទឹមនឹងនោះ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាភ្លាមៗ ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងគោលបំណងស្វែងរកដំណោះស្រាយរួមគ្នា ទៅលើការសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប។
ធនាគារជាតិនៃកម្ពុជា បានដាក់ចេញយន្តការបន្ទាន់មួយចំនួន តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសនោះជាប្រាក់ក្លែងក្លាយ។ ចំណាត់នេះ ត្រូវបានប្រមុខរដ្ឋាភិបាល រំពឹងថា នឹងជួយសម្រួលដល់ការលក់ដូររបស់អាជីវករ ក៏ដូចជាភ្ញៀវទេសចរដែលទៅទស្សនាខេត្តសៀមរាបផងដែរ។ 

 


ជុំវិញរឿងនេះផងដែល លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានឲ្យសេដ្ឋកិច្ច ភីអិនអិន ដឹងថា ចំពោះចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា ខាងសមាគមធនាគារ ក៏ដូចជាធនាគារពាណិជ្ជទាំងមូល គាំទ្រទាំងស្រុង ព្រោះជាដំណោះស្រាយដែលលល្អបំផុត និងសម្រួលដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក្នុងការចាយវាយទៅលើក្រដាសប្រាក់ចាស់ ប្រលាក់ ឬរហែក។

 


ក្នុងនោះផងដែរ ធនាគារជាតិ ក៏បានផ្តល់ការគាំទ្រដល់ធនាគារពាណិជ្ជខេត្តសៀមរាប ដើម្បីឲ្យធនាគារនីមួយៗ មានលទ្ធភាពអនុវត្តតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ជាពិសេស ធនាគារជាតិនៃកម្ពុជាសាខាខេត្តសៀមរាប និងបណ្ដាធនាគារឯកជនទាំងអស់នៅក្នុងខេត្តសៀមរាប ក៏ដូចអាជីវកម្មឯកជន និងប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជាឱ្យបានស្រុះគ្នា។

 


យោងតាមសេចក្តីណែនាំធនាគារជាតិនៃកម្ពុជា តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសនោះជាប្រាក់ក្លែងក្លាយ។ ក្នុងករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំង ត្រូវបញ្ជូនបន្តទៅប្តូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវា និងតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាប ដាក់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ២០ដុល្លារអាមេរិក និង៥០ដុល្លារអាមេរិក ជំនួសក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១០០ដុល្លារអាមេរិក នៅក្នុងម៉ាស៊ីនដកប្រាក់ (ATMs) ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរជាដើម។

 


លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឲ្យដឹងបន្ថែមថា លោកស្រី សំណូមពរទៅដល់ក្រុមអាជីវករក្នុងស្រុក សូមកុំឲ្យមានការរើសអើងរឿងក្រដាស់ប្រាក់ដាច់ ឬរហែកបន្តិចបន្ទួច ព្រោះវាជាផ្នែកមួយអាចនិងមានការប៉ះពាក់ទៅដល់ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ។ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា រូបនេះ គាំទ្រចំពោះចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា ដែលដោះស្រាយបញ្ហាបានរហ័ស និងទាន់ពេលដើម្បីស្រោចស្រង់នៅកេរ្តិ៍ឈ្មោះកម្ពុជាឡើងវិញ។ 


ទន្ទឹមនឹងនោះ ប្រធានសមាគមទាំង ២ខាងលើ ក៏បានលើកឡើងពីការប្រើប្រាស់ប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា និងប្រព័ន្ធផ្សេងៗទៀត ដែលផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ប្រាក់រៀល។ ជាមួយគ្នានេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏បានចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការបង្កើតនូវផលិតផលថ្មីៗសម្រាប់សាធារណជន ដូចជា ការសន្សំជាប្រាក់រៀល ទទួលបានអត្រាការប្រាក់ខ្ពស់ជាងដុល្លារ និងកម្ចីជាប្រាក់រៀលមានការប្រាក់ទាបជាដើម។ ធនាគារជាតិនៃកម្ពុជា សូមលើកទឹកចិត្តឱ្យសាធារណជនទាំងអស់ ប្រើប្រាស់នូវការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងប្រើប្រាស់ក្រដាសប្រាក់រៀលប្រកបដោយអនាម័យខ្ពស់។ 


នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤នេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការអភិវឌ្ឍកម្មវិធីទូរស័ព្ទ បាគងសម្រាប់ទេសចរ (Bakong Tourists App) ជាមួយក្រុមធុរជនក្នុងវិស័យទេសចរណ៍ និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងប្រមូលធាតុចូល និងស្វែងរកកិច្ចសហការ ដើម្បីអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទបាគងសម្រាប់ទេសចរ សំដៅរួមចំណែកជំរុញវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលឱ្យភ្ញៀវអន្តរជាតិអាចធ្វើប្រតិបត្តិការទូទាត់ឌីជីថលបានកាន់តែងាយស្រួល។

 


លោកជំទាវទេសាភិបាល បានលើកឡើងពីអត្ថប្រយោជន៍នៃ កម្មវិធីទូរស័ព្ទបាគងសម្រាប់ទេសចរ ដោយរំពឹងថានឹងក្លាយជាផលិតផលទេសចរថ្មីមួយទៀតដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជា បន្ថែមពីផលិតផលទេសចរវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលមានស្រាប់។ លោកជំទាវបន្ថែមថា កម្មវិធីថ្មីនេះក៏នឹងជួយលើកកម្ពស់កិត្យានុភាពជាតិមួយកម្រិតទៀតផងដែរ តាមរយៈការផ្តល់ឱ្យភ្ញៀវអន្តរជាតិនូវបទពិសោធន៍នៃការទូទាត់តាមឌីជីថលថ្មី ទំនើប និងជឿនលឿន។ 

 

សូមជម្រាបថា ប្រាក់រៀលតំណាងឱ្យអត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិ ឯករាជ្យភាពសេដ្ឋកិច្ច និងពង្រឹងសាម គ្គីភាពសង្គម។ ធនាគារជាតិនៃកម្ពុជាសូមថ្លែងអំណរគុណ និងសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសប្រជាជនកម្ពុជាយើង នឹងបន្តស្មារតីសហការលើកកម្ពស់ប្រាក់រៀលជាតិ និងរួមចំណែកយ៉ាងសកម្មក្នុងការប្រឆាំង នឹងទង្វើទាំង ឡាយណា ដែលប៉ះពាល់ដល់គុណតម្លៃប្រាក់រៀលរបស់យើង ៕
 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024