ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

ហេង សុរៈផុស្សតី ម៉ូដែលវ័យក្មេងកម្ពុជាដំបូង ត្រៀមបង្ហាញសមត្ថភាពដើរម៉ូដលើវេទិកាដ៏ធំ China Star Model National នៅ ចិន

១៧ កក្កដា ២០២៤ | កម្សាន្ដ

 

 

កុមារី ហេង សុរៈផុស្សតី ម៉ូដែលវ័យក្មេងរបស់ កម្ពុជា ត្រៀមតំណាងកម្ពុជាដើម្បីឆ្ពោះទៅដើរបង្ហាញម៉ូដ ក្នុងកម្មវិធី China Star Model international រដូវកាលទី៧ ប្រចាំឆ្នាំ២០២៤។

 


កុមារីឆ្លាតវ័យក្មេងកម្ពុជាម្នាក់ទៀតហើយ គឺ ហេង សុរៈផុស្សតី ហៅ Molly កំពុងត្រៀមបង្ហាញសមត្ថភាពដើរម៉ូដយ៉ាងស្ទាត់ជំនាញ ក្នុងកម្មវិធី China Star Model National រដូវកាលទី៧ ប្រចាំឆ្នាំ២០២៤ ដែលព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះគ្រោងរៀបចំឡើងនៅថ្ងៃទី១៩ និងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ នៅទីក្រុងហាណា សាធារណៈរដ្ឋប្រជាមានិត ចិន។

 

 

តាមដែលដឹងមក ម៉ូដែលតូចគួរឱ្យស្រលាញ់ Molly ជាកុមារីកម្ពុជាដំបូងគេបង្អស់ដែលទទួលបានឱកាសតំណាងកម្ពុជា ចេញទៅបង្ហាញសមត្ថភាពដើរម៉ូដក្នុងវេទិកាតារាម៉ូដែលដ៏ធំ នៅប្រទេសចិននេះ។

 


កុមារីរូបស្រស់នេះ បានផ្តល់បទសម្ភាសន៍ទាំងអារម្មណ៍រំភើបក្តុកក្តួលសម្រាប់ការដែលបានតំណាងប្រទេសកម្ពុជា និងឱកាសផ្សព្វផ្សាយពីវប្បធម៌ដ៏ផូរផង់របស់កម្ពុជាលើវេទិកាដើរម៉ូដដ៏ធំស្កឹមស្កៃនៅប្រទេសចិន។

 

 

មែនទែនទៅ ការចេញទៅដើរម៉ូដនៅលើឆាកអន្តរជាតិនៅចិននេះ ក៏មានការជួយជ្រោមជ្រែងច្នៃម៉ូដសម្លៀកបំពាក់ដោយ លោក អូលីវ៉ា គង់ ដែលឈុតត្រៀមដើរម៉ូដនោះបំផុសគំនិតអំពីឈុត ទេពអប្សររបស់កម្ពុជាយើង។ 

 

 

អ្នកច្នៃម៉ូដមានប្រភពមកពីខេត្តពោធិសាត់រូបនេះឱ្យដឹងថា លោកនឹងចូលរួមធ្វើដំណើរទៅប្រទេសចិនជាមួយឈុតបង្ហាញពីអត្តសញ្ញាណជាតិមួយនេះ ព្រមជាមួយទង់ជាតិប្រទេសកម្ពុជាទៅបង្ហាញលើឆាកអន្តរជាតិ។ លោកពិតជារំភើប និងមានមោទនភាពបំផុតក្នុងការជួយជ្រោមជ្រែងគាំទ្រកុមារីឆ្លាតវ័យ Molly ក្នុងដំណើរចេញទៅប្រទេសចិននាពេលឆាប់ៗនេះ។ 

 

 

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកុមារី ហេង សុរៈផុស្សតី កំពុងសិក្សាថ្នាក់ទី៥ នៅគ័ងចូវ ខេត្តគ័ងទុង ប្រទេសចិន។ ជានិច្ចជាកាលនាងតូចរូបស្រស់រមែងធ្វើដំណើរឡើងចុះមកមាតុភូមិកំណើត ដើម្បីជួបជុំគ្រួសារនៅពេលវិស្សមកាលម្ដងៗ។

 

 

ថ្មីៗកន្លងទៅនេះ Molly ក៏បានលេចវត្តមានចូលរួមដើរម៉ូដសម្លៀកបំពាក់ច្នៃថ្មីយ៉ាងប្រណិតក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រកម្មវិធី Cambodia’s Queen Of the Catwalk រដូវកាលទី១ ផងដែរ។

 


កន្លងមកកុមារីពោរពេញដោយសមត្ថភាពទេពកោល្យ ហេង សុរៈផុស្សតី ធ្លាប់បានបញ្ចេញសមត្ថភាពដើរម៉ូដដ៏ពូកែរបស់នាងក្នុងកម្មវិធី GUANGDONG FASHION WEEK នៅទីក្រុងក្វាងចូវ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣កន្លងទោ ធ្វើឱ្យអ្នកម្តាយ និងក្រុមគ្រួសារមានមោទនភាពចំពោះកូនស្រីរូបនេះជាពន់ពេក៕

 

 


អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024