ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

Netanyahu ៖អ៊ីស្រាអ៊ែលនឹងចូលរួមកិច្ចពិភាក្សាបទឈប់បាញ់តំបន់ហ្គាហ្សានៅអ៊ីតាលី

២៧ កក្កដា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 


លោកBenjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បាននិយាយថា លោកនឹងបញ្ជូនប្រតិភូទៅកាន់ទីក្រុងRome (ទីក្រុងរ៉ូម) ប្រទេសអ៊ីតាលី ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាជាច្រើន ដែលមានបំណងបញ្ចប់សង្គ្រាមរវាងប្រទេសអ៊ីស្រាអ៊ែលនិងក្រុមហាម៉ាស់។

 

ការលើកឡើងដូច្នេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលរូបនេះ បានធ្វើឡើងនៅថ្ងៃសុក្រអំឡុងពេលដំណើរទស្សនកិច្ចទៅភូមិដ្ឋានMar-a-Lagoរបស់លោកDonald Trumpអតីតប្រធានាធិបតីអាមេរិកនៅរដ្ឋFlorida គឺនៅ១ថ្ងៃ បន្ទាប់ពីលោកបានពិភាក្សាទៅលើគំនិតផ្តួចផ្តើមឱ្យមានបទឈប់បាញ់ជាមួយលោកប្រធានាធិបតីអាមេរិកJoe Bidenនិងអនុប្រធានាធិបតីអាមេរិកលោកស្រីHarris នៅទីក្រុងវ៉ាស៊ីនតោន។ 


ក្រោយជំំនួបជាមួយលោកTrump, លោកNetanyahu និយាយថា អ៊ីស្រាអ៊ែលនឹងបញ្ជូនប្រតិភូអាចជាប្រហែលនៅដើមសប្តាហ៍ទៅពិភាក្សានៅទីក្រុងRome។ 

 

សង្គ្រាមអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ បានផ្ទុះឡើងនៅពេលក្រុមហាម៉ាស់ ចូលវាយប្រហារនៅភាគខាងត្បូងប្រទេសអ៊ីស្រាអ៊ែលនៅថ្ងៃ៧តុលាសម្លាប់មនុស្ស១២០០នាក់ និងចាប់មនុស្ស២៥០នាក់ជាចំណាប់ខ្មាំង។ យោងយោធាអ៊ីស្រាអ៊ែល។

 

អ៊ីស្រាអ៊ែលក៏បើកការវាយប្រហារតបវិញលើតំបន់ហ្គាហ្សាស្លាប់មនុស្សជិត៣ម៉ឺន៨ពាន់នាក់។ យោងក្រសួងសុខាភិបាលតំបន់ហ្គាហ្សា។

 

កិច្ចពិភាក្សាទីក្រុងRome គឺជាដំណើរវិវត្តន៍ថ្មីចុងក្រោយបំផុត នៃគំនិតផ្តួចផ្តើមបញ្ចប់សង្គ្រាមតំបន់ហ្គាហ្សា។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024