ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥
ទទួលការព្យាបាលមួយរយៈធំនៅមន្ទីរពេទ្យប្រទេសថៃ ពេលនេះសិល្បករ ព្រហ្ម ពន្លឺ ជាឪពុករបស់កុមារា ឆលី ថាជំងីនេះកំពុងស្ថិតក្នុងដំណាក់កាលលំបាកបំផុតដោយបានអំពាវនាវសប្បុរជនឱ្យជួយ ឆលី បន្តិចទៀត ដើម្បីបានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ។
ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ពេលនេះអូនតូច ឆលី កុមារាដ៏កម្សត់ដែលត្រូវប្រឈមការព្យាបាលជំងឺមហារីកដំណាក់កាលទី៤ តាំងពីអាយុ ៤ឆ្នាំ បានឈានដល់ការព្យាបាលដំណាក់កាលទី៣ ជាដំណាក់កាលចុងក្រោយនៃការចាក់គីមីព្យាបាលជំងឺមហារីកដ៏កាចសាហាវនេះ។
ខណៈដែលអូនតូច ឆលី កំពុងមើលឃើញពន្លឺជីវិតថ្មីពីការចាក់គីមីព្យាបាល ខ្ទង់ចំណាយលើការព្យាបាល និងការស្នាក់នៅ ហូបចុក ក៏កាន់កើនឡើង ច្រើនលើសអ្វីដែលសិល្បកររូបនេះរំពឹងទុក។
ទើបឆ្លៀតឱកាសនេះ សិល្បករ ព្រហ្ម ពន្លឺ ប្រណមម្រាមដៃដប់សំពះសូមឱ្យសប្បុរជនចូលរួមជួយ ឆលី បន្តិចទៀត ដើម្បីឱ្យក្មេងប្រុសវ័យ៤ឆ្នាំនេះមានឱកាសអាចជាសះស្បើយ និងអាចប្រើជីវិតរស់រានដូចកុមារដ៏ទៃ។ ក្រៅពីការបរិច្ចាគជាថវិកា លោកអ្នកក៏អាចជាវផ្ទាំងគំនូរ និងវត្ថុអនុស្សាវរីយ៍ពីហាង Lyly Shop (Art Painting) ដែលជាហាងរបស់សិល្បករ ព្រហ្ម ពន្លឺ ផ្ទាល់តែម្តង។
ស្ថិតក្នុងដំណាក់កាលដ៏តានតឹង សិល្បករគំនូរលើទឹកដីខេត្តសៀមរាបរូបនេះស្ងើចសរសើរទឹកចិត្តភរិយាជាពន់ពេក ដែលមិនត្រឹមជាអ្នកម្តាយមានព្រហ្មវិហារធម៌ចំពោះកូនៗ និងក្រុមគ្រួសារ តែស្រ្តីជាម្តាយរូបនេះក្លាហាន រឹងមាំខ្លាំងណាស់ក្នុងការមើលថែទាំកូនតែម្នាក់ឯងនៅមន្ទីរពេទ្យប្រទេសថៃ ខណៈដែលលោកជាឪពុករត់ទៅមកគ្រប់ច្រកល្ហក ដើម្បីស្វែងរកកម្រៃផ្គត់ផ្គង់លើការព្យាបាល។
សម្រាប់សប្បុរសជនដែលមានបំណងចង់ចូលរួមបរិច្ចាគថវិកា និងផ្គត់ផ្គង់សម្ភារៈចាំបាច់ផ្សេងៗ អាចធ្វើការទំនាក់ទំនងទៅកាន់ទំព័រហ្វេសប៊ុក Charlie - ឆលី Ponleu Virakboth ឬហ្វេសប៊ុកឈ្មោះថា Ponleu Prom៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ និង ហ្វេសប៊ុក