ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥
តារាសម្តែង លីលី បានផ្អាកពីអាជីពសិល្បៈជិតមួយឆ្នាំហើយ បន្ទាប់ពីសម្រេចចិត្តរៀបការជាមួយអ្នកដឹកនាំរឿងម្នាក់ ហើយពេលនេះនាងមានបំណងនឹងវិលត្រឡប់មកសាងស្នាដៃក្នុងវិស័យសម្តែងឡើងវិញ ។
រៀបការបានជិតមួយឆ្នាំ តារាសម្តែង លីលី មានការនឹករលឹក និងចង់វិលត្រឡប់មកសាងស្នាដៃក្នុងវិស័យសម្តែងឡើងវិញ បន្ទាប់ពីខកខានក្នុងវិស័យនេះអស់ពេលយ៉ាងយូរ ប៉ុន្តែកត្តាចំបងដែលធ្វើឱ្យ តារាសម្តែងរូបនេះពិបាកក្នុងការវិលត្រឡប់មកសាងកេរ្តិ៍ឈ្មោះឡើងវិញគឺដោយសារស្វាមីមិនចង់ឱ្យនាងប្រលូកក្នុងវិស័យនេះទៀតទេ ។
តារាសម្តែង លីលី ធ្លាប់មានឈ្មោះល្បីនៅក្នុងរឿង « បាបស្នេហ៍អតីត » ដែលបានដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន កាលពីឆ្នាំមុន តែចាប់តាំពីថតរឿងនេះចប់ លីលី បានបាត់មុខឈឹងពីវិស័យសម្តែង ។
ជួបជាមួយតារាសម្តែង លីលី នៅក្នុងពិធីខួបកំណើតរបស់កូនស្រី សឿន ផាន់ផាភួង កាលពីប៉ុន្មានថ្ងៃមុន យើងចាប់អារម្មណ៍ឃើញថា លីលី នៅតែស្រស់ស្អាត គួរឱ្យចាប់អារម្មណ៍ នាងបានប្រាប់ថា ការពិតនាងក៏មានបំណងចង់ថតភាពយន្តឡើងវិញដែរ តែក្រោយពីរៀបការរួច ស្វាមីរបស់នាងមិនចង់ឱ្យនាងថតរឿងទៀតទេ ។
លីលី បានរៀបការជាមួយ លោក ឡុង សារ៉ន ដែលជាអ្នកដឹកនាំរឿងនៅផលិតកម្ម LD បន្ទាប់ពីស្រឡាញ់គ្នាអស់ពេលជាច្រើនឆ្នាំ នាងនិងស្វាមីមានបំណងនឹងយកកូនក្នុងពេលឆាប់ៗដើម្បីបង្កើនសមាជិកនៅក្នុងគ្រួសារ ។
លីលី បានសារភាពថា នាងមានបំណងចង់វិលត្រឡប់មកសាងស្នាដៃក្នុងវិស័យភាពយន្តវិញ បន្ទាប់ពីខកខានក្នុងការសម្តែងអស់ពេលជិតមួយឆ្នាំ ប៉ុន្តែអ្វីដែលធ្វើឱ្យនាងពិបាកក្នុងការត្រឡប់មកវិញនេះ គឺស្វាមីមិនចង់ឱ្យនាងវិលមកថតវិញទេ តែទោះជាយ៉ាងណានាងនឹងវិលត្រឡប់មកជួបទស្សនិកជនក្នុងពេលឆាប់ៗខាងមុខនេះ ពីព្រោះនាងស្រឡាញ់និងនឹករលឹកវិស័យនេះខ្លាំងណាស់ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា