ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

Angelina Jolie ទម្លាយអស់រឿងអតីតស្វាមី Brad Pitt ប្រើហិង្សាលើខ្លួននិងកូនៗ

០៦ តុលា ២០២២ | កម្សាន្ដ



កំពូលតារាស្រី Angelina Jolie (អេនជេលីណា ចូលី) បានដាក់ឯកសារជូនតុលាការ ជាការឆ្លើយតបនឹងពាក្យបណ្ដឹងរបស់អតីតស្វាមី Brad Pitt (ប្រ៊េដ ភីត) ដោយក្នុងឯកសារបានរៀបរាប់ពីរឿងរ៉ាវហិង្សាជាច្រើន មិនធ្លាប់ត្រូវបានទម្លាយចេញពីមុនមក។

 


ក្នុងឯកសារមួយដែលដាក់ជូនតុលាការ តារាសម្ដែងអាមេរិក Angelina Jolie (អេនជេលីណា ចូលី) បានរៀបរាប់លម្អិតអំពីអំពើរំលោភបំពាន់ពីសំណាក់តារាសម្ដែង Brad Pitt (ប្រ៊េដ ភីត) ជាអតីតស្វាមី និងបានបង្ហាញអំពីព័ត៌មានថ្មីទាក់ទងនឹងការកាត់ផ្ដាច់ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរផងដែរ។

 

 

ឯកសារដាក់ជូនតុលាការប្រចាំនៅទីក្រុងឡូសអេនជេលឡេស បានចោទប្រកាន់ថា តារាសម្ដែង Brad Pitt  បានព្យាយាមប្រើលក្ខខណ្ឌឲ្យ Angelina Jolie លក់ភាគហ៊ុនក្នុងចំការទំពាំងបាយជូរដែលអ្នកទាំងពីរបានទិញរួមគ្នា ដែលលក្ខខណ្ឌនោះគឺហាមឃាត់មិនឲ្យ Angelina Jolie និយាយជាសាធារណៈអំពីទង្វើរំលោភបំពានលើផ្លូវកាយ និងផ្លូវចិត្តពីសំណាក់ Brad Pitt ចំពោះរូបនាង និងកូនៗ។

 

 

ឯកសាររបស់អ្នកស្រី Jolie បានរៀបរាប់អំពីរឿងហេតុដែលបានកើតឡើងអំឡុងខែកញ្ញា ឆ្នាំ២០១៦ នៅលើយន្តហោះឯកជន ពេលដែលអតីតស្វាមីបានចាប់ និងអង្រួនក្បាលរបស់នាង រួចរុញនាងទៅនឹងជញ្ជាំងនៃបន្ទប់ទឹក ថែមទាំងបានប្របាច់កកូនម្នាក់ និងបានវាយកូនម្នាក់ទៀតចំមុខ។ 

 

 

ការដាក់ឯកសារនេះគឺជាការឆ្លើយតបទៅនឹងពាក្យបណ្ដឹងរបស់ Brad Pitt ដែលបានដាក់ប្ដឹង Angelina Jolie និងអតីតក្រុមហ៊ុនរបស់នាងកាលពីខែកុម្ភៈ។ ពេលនោះ Brad Pitt បានចោទប្រកាន់ថាការដែល Angelina Jolie លក់ភាគហ៊ុនក្នុងចំការទំពាំងបាយជូរទិញរួមគ្នា គឺជារឿងខុសច្បាប់ ព្រោះភាគីទាំងសងខាងបានយល់ព្រមថាពួកគេនឹងមិនលក់ភាគហ៊ុនបើគ្មានការយល់ព្រមពីភាគីណាមួយ។

 

 

 

ក្នុងឯកសាររបស់អ្នកស្រី Jolie បាននិយាយថាមិនមានការព្រមព្រៀងដូចដែល Brad Pitt បានលើកឡើងនោះទេ ហើយអ្នកស្រីបាននិយាយទៀតថា លោក Brad Pitt អាចនឹងត្រូវជាប់ទោសឧក្រិដ្ឋចំពោះរឿងហេតុដែលបានកើតឡើងលើយន្តហោះនោះ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024