ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
តារាសម្ដែងដែលជាតួអង្គសំខាន់ក្នុងភាពយន្ត "Avatar" (អាវវ៉ាតា) វគ្គដំបូង និងវគ្គទីពីរ បានបង្ហើបថាសាច់រឿងរបស់ "Avatar" (អាវវ៉ាតា) វគ្គថ្មីដែលត្រៀមចេញនៅចុងឆ្នាំនេះ នឹងផ្ដោតសំខាន់លើរឿងរ៉ាវគ្រួសារ។
ភាពយន្តបែបវិទ្យាសាស្ត្រ "Avatar" (អាវវ៉ាតា) វគ្គទី២ដែលកំពុងត្រៀមចេញបញ្ចាំង នឹងផ្ដោតលើសាច់រឿងនៃការការពារគ្រួសារ ព្រមទាំងការពង្រីកខ្លួននៃភព Pandora (ផេនដូរ៉ា) ជាភពកើតចេញពីការស្រមើស្រមៃដែលបានទាក់ចិត្តទស្សនិកជនកាលពីជាង១០ឆ្នាំមុន។
ភាពយន្ត "Avatar" (អាវវ៉ាតា) វគ្គដំបូងដែលចេញតាំងពីឆ្នាំ២០០៩ បានផ្ដោតលើសង្គ្រាមដណ្ដើមយកធនធានធម្មជាតិរវាងមនុស្សលោក ជាមួយជនជាតិស្បែកពណ៌ខៀវឈ្មោះថា Na'vi (ណាវី) ដែលរស់នៅលើភព Pandora (ផេនដូរ៉ា)។
តារាសម្ដែង Sam Worthington (សេន វ័តធីងតុន) បានលើកឡើងថា "Avatar: The Way of Water" (អាវវ៉ាតា ដឺ វេ អហ្វ វ័តធើ) នឹងបង្ហាញពីតួអង្គរបស់លោកឈ្មោះថា Jake Sully (ជេក សុលលី) និងតួអង្គ Neytiri (នៃទីរី) ព្យាយាមការពារគ្រួសាររបស់ពួកគេពីការធ្វើបាបនានា។
តារាស្រី Zoe Saldana (ហ្សូអ៊ី សាលដាណា) ដែលសម្ដែងជា Neytiri (នៃទីរី) បានឲ្យដឹងថាអ្នកគាំទ្រនឹងបានដឹងថានឹងមានរឿងអ្វីកើតឡើងលើមនុស្សលោក ប៉ុន្តែភព Pandora (ផេនដូរ៉ា) និងជនជាតិ Na'vi (ណាវី) នឹងមិនងាយចុះចាញ់ឡើយ។
ភាពយន្តវគ្គពីរដែលមានចំណងជើងថា "Avatar: The Way of Water" (អាវវ៉ាតា ដឺ វេ អហ្វ វ័តធើ) បានកំណត់ថានឹងចាក់បញ្ចាំងនៅខែធ្នូខាងមុខ ហើយមុនការមកដល់នៃភាពយន្តនេះ ផលិតកម្ម Disney (ឌីសនី) សម្រេចថានឹងចាក់ផ្សាយវគ្គឡើងវិញចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះ។ គួររំលឹកថា ភាពយន្ត "Avatar" (អាវវ៉ាតា) វគ្គដំបូង បានក្លាយជាភាពយន្តរកចំណូលបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ដោយរកចំណូលបានជាង ២,៨ពាន់លានដុល្លារ ៕
ប្រែសម្រួល៖ វ៉ាន់ថន