ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
សមត្ថកិច្ច បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បាត់ម៉ូតូ អាចយកឯកសារសម្គាល់ទៅផ្ទៀងផ្ទាត់បាននៅទីតាំងរក្សាទុក នៅតំបន់ OCIC ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ក្នុងករណីពិនិត្យឃើញថា មានភិនភាគម៉ូតូរបស់ខ្លួន អាចយកឯកសារពាក់ព័ន្ធច្បាប់ដើម ដូចជា ៖ អត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្ត ពាក្យបណ្ដឹង និងឯកសារពាក់ព័ន្ធផ្សេងៗទៀតដែលបញ្ជាក់កម្មសិទ្ធិត្រឹមត្រូវ មកបញ្ជាក់ នោះសមត្ថកិច្ច នឹងប្រគល់ម៉ូតូ ជូនវិញ។
អាជ្ញាធររាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ អាចយកឯកសារបញ្ជាក់កម្មសិទ្ធិត្រឹមត្រូវ ទៅផ្ទៀងផ្ទាត់នៅឃ្លាំងរក្សាទុកនៅតំបន់ OCIC ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដើម្បីយកម៉ូតូរបស់ខ្លួនត្រឡប់ទៅវិញ។
ការអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ ទៅផ្ទៀងផ្ទាត់ស្វែងរកនេះធ្វើឡើងក្រោយពីកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សហការជាមួយនិងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានដកហូតម៉ូតូដែលគ្មានឯកសារត្រឹមត្រូវប្រមាណជាង២០០គ្រឿង ពីហាងបញ្ចាំ នៅក្នុងខណ្ឌទួលគោក។
អាជ្ញាធរ ក៏ណែនាំក្នុងករណីពិនិត្យឃើញថា មានភិនភាគម៉ូតូរបស់ខ្លួន ត្រូវយកឯកសារពាក់ព័ន្ធ ច្បាប់ដើម ដូចជា ៖ អត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្ត ពាក្យបណ្ដឹង និងឯកសារពាក់ព័ន្ធផ្សេងៗទៀតដែលបញ្ជាក់កម្មសិទ្ធិត្រឹមត្រូវ មកបង្ហាញសមត្ថកិច្ចនឹងប្រគល់ជូនវិញ។
គួរបញ្ជាក់ថា រយៈពេល២ថ្ងៃ អាជ្ញាធររាជធានីភ្នំពេញ បានចុះទៅធ្វើការត្រួតពិនិត្យទីតាំងឃ្លាំងបញ្ចាំ ស្ថិតនៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បានចុះត្រួតពិនិត្យបានចំនួន១១ ទីតាំង ក្នុងចំណោមប្រមាណ ៦០ ទីតាំង ដោយក្នុងនោះបានរកឃើញទីតាំងដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវចំនួន៣ទីតាំង ៕
អត្ថបទ៖ សន រដ្ឋា , រូបភាព៖ ញិល សុជា