ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

«ស្លាបព្រានិស្ស័យ» ចំណងដៃបទថ្មីពី ម៉ម ពេជ្ជរិទ្ធ សម្រាប់រដូវបុណ្យភ្ជុំបិណ្ឌកំពុងទទួលការគាំទ្រពីទស្សនិកជន!

២១ កញ្ញា ២០២២ | កម្សាន្ដ

 

 

ពិតមិនធ្វើឱ្យអ្នកគាំទ្រខកបំណង តារាចម្រៀងឯករាជ្យវ័យក្មេងសម្លេងស្រទន់ លោក ម៉ម ពេជ្ជរិទ្ធ បានទម្លាក់ស្នាដៃចម្រៀងថ្មីមួយ ជាចំណងដៃដល់ពុកម៉ែបងប្អូនក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ចំណងជើងថា «ស្លាបព្រានិស្ស័យ»។


តារាចម្រៀងឯករាជ្យវ័យក្មេង លោក ម៉ម ពេជ្ជរិទ្ធ ប្អូនប្រុសបង្កើតរបស់តារាចម្រៀងសម្លេងស្រទន់ លោក ដួង វីរៈសិទ្ធ កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងរយៈពេលចុងក្រោយនេះ បន្ទាប់ពីលោកពុះពារផលិតចម្រៀងថ្មីៗក្នុងនាមជាតារាចម្រៀងទោល។

 

«បាត់គោជួបស្នេហ៍» «រាំទាំងទឹកភ្នែក» «សង្ក្រាន្តបានជ័យ» សុទ្ធសឹងជាស្នាដៃតែងនិពន្ធថ្មីរបស់លោកនៅពេលក្លាយជាតារាចម្រៀងឯករាជ្យ ដែលផ្ទុះការគាំទ្រខ្លាំងពីមហាជន។ ក្រៅពីបទទាំងនេះ ក៏មានបទផ្ទុះៗជាច្រើនទៀត ដែលជាស្នាដៃក្នុងក្រុមចម្រៀងចាស់របស់លោកផងដែរ។

 

ដោយឡែក សម្រាប់រដូវបុណ្យភ្ជុំបិណ្ឌនេះ ម៉ម ពេជ្ជរិទ្ធ ក៏មានចំណងដៃបទថ្មីមួយ ជូនពុកម៉ែបងប្អូនស្តាប់កម្សាន្តអារម្មណ៍ ដោយបទនោះមានចំណងជើងថា «ស្លាបព្រានិស្ស័យ»។ ប្រាប់ឱ្យ PNN ដឹងថ្មីៗនេះ ដើមចមនៃបទសាច់រឿងក្នុងបទថ្មីនេះ គឺកើតឡើងនៅពេលរាប់បាត្រ ប៉ុន្តែសាច់រឿងយ៉ាងណាលោកសុំឱ្យគ្រប់គ្នារង់ចាំទស្សនាក្នុង MV ចម្រៀងដែលនឹងទម្លាក់ជូនឆាប់ៗនេះ។

 

 

ពេជ្ជរិទ្ធ សង្ឃឹមថា បទ «ស្លាបព្រានិស្ស័យ» នឹងជួយកំដរអារម្មណ៍ពុកម៉ែបងប្អូនក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ព្រោះបទនេះ ជាចង្វាក់តាលុងបែបសប្បាយៗ ដែលនឹងជួយជំរុញឱ្យបរិយាកាសនារដូវភ្ជុំបិណ្ឌនេះឱ្យកាន់តែសប្បាយរីករាយ។

 

 

គ្រាន់តែឃើញ Poster បទចម្រៀងថ្មីបញ្ជេញទៅភ្លាម អ្នកគាំទ្រគ្នានាំគ្នា Comment សរសើរដល់ស្នាដៃថ្មីរបស់ ពេជ្ជរិទ្ធ និងបន់ឱ្យតែលោកទម្លាក់បទថ្មីនេះឱ្យបានឆាប់ៗ។យ៉ាងណាមិញ ពេលនេះ ពេជ្ជរិទ្ធ នៅមិនទាន់បញ្ជាក់ថ្ងៃទម្លាក់ចម្រៀងនេះឡើយ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់កម្មវិធី Pleng អាចស្តាប់បទនេះបានតាំងពីថ្ងៃទី២០ មកម្ល៉េះ។

 


តាមរយៈកិច្ចសម្ភាសន៍ជាមួយ PNN ក្នុងថ្ងៃសម្ភោធដំណើរការសាកល្បង Calvin Lounge របស់ តារាចម្រៀងនិងតារាកំប្លែង កាតុ ម្ចាស់បទ «ស្លាបព្រានិស្ស័យ» នេះថា បច្ចុប្បន្នលោកគ្មានបំណងហក់ចូលជ្រកក្រោមផលិតកម្មណាមួយនោះទេ លោកមានតែយកពេលទាំងនេះទៅពង្រឹងនិងពង្រីកស្នាដៃតែងនិពន្ធ និងការច្រៀងរបស់លោកឱ្យកាន់តែល្អឡើង ដើម្បីកំដរអ្នកគាំទ្រ។ 

 

 

ដ្បិតទើបវិវត្តន៍ខ្លួនមកជាតារាចម្រៀងទោល តែមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ម៉ម ពេជ្ជរិទ្ធ កាន់តែមានទីផ្សារខ្ពស់ត្រដែតឡើង ដោយទទួលបានការងារច្រៀងតាមកម្មវិធីជាបន្តបន្ទាប់ ស្ទើរមិនរលោះថ្ងៃ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024