ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

 Killing Time Violently ភាពយន្តវាយប្រហារបែបកំប្លែង ចាប់ផ្តើមដំណើរការថតដើមខែកញ្ញានេះ!

០១ កញ្ញា ២០២២ | កម្សាន្ដ

 

 

ភាពយន្តវាយប្រហារបែបកំប្លែងថ្មីមួយ ចំណងជើង  Killing Time Violently ដែលជាការដឹកនាំសម្តែងរបស់លោក Jimmy Henderson និងលោក អ៊ួ តារា កំពុងចាប់ដំណើរការថតដើមខែកញ្ញានេះ ក្រោមវត្តមានតារាសម្តែងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជា។បន្ទាប់ពីជោគជ័យលើរឿង ហនុមាន និងរឿង JAILBREAK ពេលនេះ លោក Jimmy Henderson និងលោក អ៊ួ តារា បានងាកត្រឡប់មកចាប់ដៃគ្នាផលិតរឿងថ្មីមួយទៀតហើយ ចំណងជើងថា  Killing Time Violently។

 

Killing Time Violently ជាប្រភេទភាពយន្តវាយប្រហារបែបកំប្លែង ដែលនឹងមានការចូលរួមសម្តែងដោយ តារាល្បីៗជួរមុខក្នុងការសម្តែងរឿងបែបវាយប្រហារជាច្រើន រួមមាន លោក អ៊ួ តារា កញ្ញា សំ ថារ័ត្ន លោក រស់ មុនី លោក Phang ជាដើម។ដើម្បីឱ្យផ្ទៃរឿងទាំងមូលពោរពេញដោយការវាយប្រហារ និងសំណើចក្អាកក្អាយសម្រាប់អ្នកទស្សនា អ្នកដឹកនាំរឿងបានដាក់បញ្ចូលបុគ្គលល្បីៗដូចជា តារាកំប្លែង នាយពាក់មី នាយក្រូច DJ ស្តី និង Influencer ដ៏ល្បីនៅទីក្រុងតូក្យូ Hinano Kurosaki។

 

 

លោក អ៊ួ តារា ប្រាប់ឱ្យ PNN ដឹងថា ការសម្តែងក្នុងរឿងនេះ ប្រៀបដូចលោកទៅប្រឡងម្តងទៀត ដោយសារតួអង្គក្នុងរឿងនេះវាលំបាកពេក ដែលតម្រូវឱ្យលោកផ្លាស់ប្តូរខ្លួនឯង ១៨០ដឺក្រេ ដើម្បីឱ្យសមតួអង្គដែលសម្តែងលោក។ តាមគម្រោងលោកត្រូវឡើងគីឡូបន្ថែមទៀត ដើម្បីឱ្យមាឌធំក្រអាញ សមទម្រង់នៃតួអង្គនេះ។អង្គសំខាន់ម្នាក់ទៀតសម្តែងដោយលោក រស់ មុនី ក៏បានឱ្យដឹងដែលថា តួអង្គរឿងនេះថ្មីហើយប្លែកខ្លាំងណាស់សម្រាប់លោក ដោយសារតួអង្គមានចរិកច្រើនហើយសាហាវខ្លាំងពេក ដូច្នេះលោកគិតថាវានឹងជាបទពិសោធន៍ថ្មីសម្រាប់លោក។

 

 

លោក Jimmy Henderson អ្នកដឹកនាំរឿង KTV: Killing Time Violently ឱ្យដឹងថា ព្រោះលោកដិតដាមជាមួយពាក្យ KTV ហើយនរណាៗក៏ស្គាល់ និងដឹងពីន័យរបស់ពាក្យនេះដែល ទើបសម្រេចជ្រើសយកពាក្យនេះមកថតជាសាច់រឿងបែបផ្សេងដែលមានការវាយប្រហារនៅក្នុងនោះ។ ហើយការជ្រើសយកតួអង្គប្លែកៗដូច តារាកំប្លែង នាយពាក់មី នាយក្រូច DJ ស្តី ដែលមិនមែនជាតារាសម្តែងជំនាញវាយតប់ ព្រោះលោកចង់ឱ្យអ្នកមើលទទួលបានសំណើចពីរឿង action មួយនេះ។ ម៉្យាង គ្រប់គ្នាមានសមត្ថភាពពិសេសអាចបត់បែនបានគ្រប់ស្ថានភាព និងអាចរួមសម្តែងជាមួយគ្នាបាន។ ចំណែក DJ ស្តី ដែលត្រៀមសម្តែងភាពយន្តជាលើកដំបូង នឹងសម្តែងតួអង្គមួយដែលគ្រប់គ្នានឹកស្មានមិនដល់ តែពេលនេះលោកនៅមិនទាន់អាចទម្លាយឱ្យដឹងបានឡើយ។

 

 

#ទាក់ទង KTV អ្នកទាំងអស់គ្នាក៏ស្គាល់ដែល តែក្នុងន័យរឿងនេះគឺខ្ញុំចង់យកពាក្យ KTV ដែលល្បីមកថតជាសាច់រឿងផ្សេង បែប action នេះ។ ខ្ញុំសង្ឃឹមថារឿងនេះនឹងត្រូវជាមួយទីផ្សារ ហើយនឹងមានការគាំទ្រច្រើនជាមួយប្រាក់ចំនូលដូចគ្នា ព្រោះចក្ខុវិស័យរបស់ខ្ញុំ ខ្ញុំមើលឃើញថារោងកុនមានការតម្លើងបន្ថែមទៀត អ្នកមើលក៏មានការកើនឡើងដូចគ្នា ដូច្នេះខ្ញុំមានការរំពឹងច្រើន។ ហើយការរំពឹងទុកនោះក៏មិនមែនតែស្រុកខ្មែរដែល យើងចង់ឱ្យបរទេសមើលថារឿងខ្មែរក៏ថតក្នុងលំដាប់មួយដែលទទួលយកបាន។

 

 

សូមជម្រាបថា រឿង KTV: Killing Time Violently នឹងចាប់ផ្តើមបើកកាម៉េរ៉ាចេញថតនៅដើមខែកញ្ញានេះ នឹងគ្រោងធ្វើការចាក់បញ្ចាំងនៅកម្ពុជានៅអំឡុងឆ្នាំ២០២៣។ ក្រៅអំពីការចាក់បញ្ចាំងនៅកម្ពុជា រឿងនេះក៏គ្រោងយកទៅរួមក្នុងមហោស្រពភាពយន្តអន្តរជាតិផ្សេងៗផងដែរ ហើយក៏មានគម្រោងដាក់បញ្ចូលតាម Online platform ជាច្រើននៅអន្តរ ដើម្បីពង្រីកទីផ្សារភាពយន្តខ្មែរឱ្យកាន់តែទូលំទូលាយជាងពេលបច្ចុប្បន្ន។ Killing Time Violently មានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន M Pictures Cambodia, Two Rivers International និងបណ្តាក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀត៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច
 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024