ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

«៣៦០ដឺក្រេ» ភាពយន្តមនោសញ្ចេតនាបង្កប់ដោយអត្ថន័យអប់រំ ចាក់តាមបណ្តារោងភាពយន្តស្អែកនេះ!

០៣ សីហា ២០២២ | កម្សាន្ដ

 

 

«៣៦០ដឺក្រេ» វណ្ណកម្មស្នាដៃភាពយន្តថ្មីរបស់ផលិតកម្ម ខ្មែរមេគង្គ បានកំពុងត្រៀមចាក់បញ្ចាំងជូនសាធារណជនទស្សនាតាមបណ្តារោងភាពយន្តចាប់ពីថ្ងៃស្អែកនេះតទៅ។លោក ឡុង ឡយ ហៅ William អ្នកដឹកនាំរឿង «៣៦០ដឺក្រេ» បានឱ្យដឹងក្នុងល្ងាចថ្ងៃសម្ភោធចាក់បញ្ចាំងថា រឿង «៣៦០ដឺក្រេ» ជារឿងដែលឆ្លុះបញ្ចាំងពីជីវិតពិតរវាងក្រុមគ្រួសារ២ រស់នៅជិតខាងគ្នា រកស៊ីរបរដូចគ្នា ហើយឈ្លោះគ្នាមករហូត សូម្បីតែកូនចៅក៏បង្គំបញ្ជាឱ្យស្អប់គ្នាតាំងពីក្មេងមកដែរ។

 

 

មិនមែនឆ្លុះបញ្ចាំងឱ្យឃើញតែរឿងរ៉ាវចម្រូងចម្រាស់ប៉ុណ្ណោះទេ តែសាច់រឿងនេះក៏មានឈុតឆាកផ្អែមល្ហែមរ៉ូមែនទិចសម្រាប់អ្នកទស្សនាផងដែរ ជាពិសេសមានការលាយបញ្ចូលផ្នែកតន្ត្រីផង ធ្វើឱ្យសាច់រឿងកាន់តែប្រទាក់ក្រឡាគ្នាឡើយ។អ្នកដឹកនាំដដែលបន្តថា រឿងនេះត្រូវផលិតឡើងយ៉ាងសម្រិតសម្រាំងដោយផ្តោតខ្លាំងលើគុណភាពបច្ចេកទេសការថត និងតួសម្តែង។

 

 

តួយ៉ាងរឿងនេះមានការចូលរួមសម្តែងដោយសិល្បករ-សិល្បការនីចាស់ក្មេងល្បីៗ ដូចជា អ្នកនាង ស្វែង សុជាតា លោក ជា សំណាង លោក លឹម តិចម៉ុង និងតារាសម្តែងឆ្នាស់ឆ្នើម ស ច័ន្ទដានី លោក គៀត ថាវ៉ាត Influencer វ័យក្មេង ឡាយ ប៊ុនឡេង កញ្ញា សុង ស្រីម៉ី និងតារាល្បីៗជាច្រើនរូបផ្សេងទៀត។មិនត្រឹមជាផ្ទាំងទស្សនីយភាពដែលផ្តល់ភាពរីករាយដល់ចំណីចក្ខុអ្នកទស្សនា ថែមទាំងជាសារដាស់តឿនដល់គ្រប់គ្នាដែលរស់នៅក្នុងសង្គម កុំឱ្យមានការរើសអើស ប្រកាន់គុំគួនគ្នា យើងគួរណាស់តែរស់នៅដោយគុណធម៌ សុជីវធម៌ចំពោះគ្នាទៅវិញទៅមកទើបជារឿងល្អ។

 


លោក គៀត ថាវ៉ាត តួឯកប្រុសក្នុងរឿងនេះលើកឡើងថា លោករីករាយដែលឃើញរឿង «៣៦០ដឺក្រេ» មានវត្តមានលើរោងភាពយន្តនៅពេលនេះ ព្រោះនេះជារឿងដុំទី១ដែលលោកក្តោបបានតំណែងតួឯក។ ព្រោះរឿងនេះមានបង្កប់អត្ថន័យអប់រំច្រើន ដូច្នេះលោកចង់ឱ្យមហាជនងាកមកទស្សនារឿងនេះឱ្យបានច្រើនឡើង ដើម្បីភាពសប្បាយរីករាយនិងគំនិតអប់រំព្រមជាមួយគ្នា។

 


សូមជម្រាបថា ផលិតកម្ម ខ្មែរមេគង្គ កាលពីដើមសប្តាហ៍នេះ បានរៀបចំពិធីសម្ភោធចាក់បញ្ចាំងរឿង «៣៦០ដឺក្រេ» យ៉ាងអធិកអធមនៅបរិវេនរោងភាពយន្ត Major Cineplex Aeon1 ក្រោមវត្តមាន លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វីរៈសិល្បករឆ្នើម អ្នកស្រី ឌី សាវ៉ែត ផលិតករឆ្នើមៗ និងអ្នកធុរកិច្ចពីបណ្តាក្រុមហ៊ុនល្បីៗជាច្រើន ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពវិជ្ជមាននៃវិស័យភាពយន្តខ្មែរ និងជាការវិវត្តន៍ថ្មីមួយនៃវិស័យសិល្បៈដោយអាចផ្សារភ្ជាប់ធុរកិច្ចជាមួយគ្នា។ រឿង «៣៦០ដឺក្រេ» ចាប់ចាក់បញ្ចាំងជាផ្លូវការពីថ្ងៃទី០៤ ខែសីហា នេះតទៅ៕
 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024