ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ខាត់ ស្រីច័ន្ទ ចាត់ទុកការសម្តែងរឿង «រសជាតិអ្នកមាន វគ្គ៣» ជាបទពិសោធន៍ថ្មីក្នុងអាជីពតារាសម្តែង

០១ កក្កដា ២០២២ | កម្សាន្ដ

 

បន្ទាប់ពីបានចូលរួមសម្តែងរឿង «រសជាតិអ្នកមាន វគ្គ៣» របស់ភីអិនអិនរួចមក តារាសម្តែងរូបស្រស់ ខាត់ ស្រីច័ន្ទ បានចាត់ទុកថាការសម្តែងក្នុងរឿងនេះជាបទពិសោធន៍ថ្មីក្នុងអាជីពតារាសម្តែងរបស់នាង។


អតីត Miss Grand Cambodia 2020 ចំណាត់ថ្នាក់លេខ៥ កញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate ក្តោបបានតំណែងតួអង្គសំខាន់មួយក្នុងរឿង «រសជាតិអ្នកមាន វគ្គ៣» វគ្គ ហេឡូអ្នកម៉ាក់ ដែលជាស្នាដៃតែងនិពន្ធ និងដឹកនាំរឿងរបស់អ្នកស្រី ពាន់ ភួងបុប្ផា ដែលចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃ ចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ៨ យប់តទៅ។

 


ក្នុងរឿងនេះ Kate សម្តែងជាតួអង្គឈ្មោះ រក្សា ជាមនុស្សស្រី ម៉ឺងម៉ាត់ ម៉ត់ចត់ ច្បាស់លាស់ ផ្ទុយស្រឡះពីអត្ថចរិកពិតរបស់នាងដែលជាមនុស្សរួសរាយ ចូលចិត្តនិយាយលេងសើចច្រើន។ ព្រោះភាពផ្ទុយស្រឡះនេះ ធ្វើឱ្យតារាសម្តែងវ័យក្មេងរូបនេះជួបផលលំបាកច្រើនគួរសម ហើយរឹតតែពិបាកជាងនេះទៀតនោះគឺអំឡុងពេលថតរឿងនេះជាពេលវេលាដែលស្រុកទេសមានការរាតត្បាតជំងឺកូវីដ១៩។

 


Kate ឱ្យដឹងបន្តថា នៅអំឡុងពេលថត កញ្ញាពុំធ្លាប់ទទួលរងការស្តីបន្ទោសណាមួយពីអ្នកដឹកនាំរឿង «រសជាតិអ្នកមាន វគ្គ៣» នេះឡើយ ថ្វីបើមានការលើកឡើងថា ដឹកនាំរឿងជើងចាស់ អ្នកស្រី ពាន់ ភួងបុប្ផា ជាមនុស្សកាចក៏ដោយ។

 


ចាប់តាំងពីប្រឡូកវិស័យសិល្បៈមក តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate មានទីផ្សារខ្ពស់គួរសម ចំណែកទីផ្សារភាពយន្តក៏ទទួលបានច្រើនដូចគ្នាដែល ប៉ុន្តែអាចនិយាយបានថារឿង «រសជាតិអ្នកមាន វគ្គ៣» ជារឿងដែលនាងអាចបង្ហាញមុខ និងសមត្ថភាពបានច្រើនជាងគេ។ ក្រៅពីស្នាដៃរឿងភាគជាស៊េរីរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ក្នុងឆ្នាំនេះកញ្ញាក៏ទទួលថតរឿង២ផ្សេងទៀតផងដែរ។

 

 

តាមការឱ្យដឹងពីសាម៉ីខ្លួនរឿងទាំងពីនោះអាចនឹងត្រូវចំណាយពេលថតយូរ ជាហេតុធ្វើឱ្យស្រីស្អាតរូបនេះសម្រេចចិត្តផ្អាកចោលគម្រោងសិល្បៈធំៗជាច្រើន ក្នុងនោះមានទាំងការប្រកួត Beauty Pageant ដែលជាការសំណូមពរពីបណ្តាអ្នក គាំទ្រទៀតផង។ 

 


យ៉ាងណាអតីត Miss Grand Cambodia 2020 អះអាងថា កញ្ញានៅតែចង់ចូលប្រកួតកម្មវិធី Beauty Pageant ប្រសិនបើមានពេលវេលាគ្រប់គ្រាន់ ហើយកម្មវិធីដែលនាងគ្រោងចូលប្រកួតឆ្នាំនេះគឺអាចជាកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡកម្ពុជា (Miss Universe Cambodia) ព្រោះកន្លងមកកញ្ញាធ្លាប់ចូលរួមប្រកួតកម្មវិធី Miss Grand រួចហើយ មួយវិញទៀតវេទិកា MUC ក៏ជាកម្មវិធីធំមួយដែលកញ្ញាស្រលាញ់ និងប៉ងចង់ចូលប្រកួតមកយូរហើយដែរ៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024