ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

ភឹម ស្រីនោ បើកភ្លើងខៀវសម្រាប់អ្នកត្រូវការបទពិសោធន៍ និងស្នើរឱ្យមហាជនរិះគន់ក្នុងន័យស្ថាបនា

១៩ មេសា ២០២៤ | កម្សាន្ដ

 

ការប្រកួត Miss Grand Cambodia កំពុងចាប់ផ្តើម ភឹម ស្រីនោ មិនកំណាញ់បើកចិត្តឱ្យបេក្ខភាពណាដែលមានចម្ងល់អ្វីពាក់ព័ន្ធការប្រកួតថា្នក់ជាតិ-អន្តរជាតិ តែសូមចិត្តមហាជនឱ្យរិះគន់ក្នុងន័យស្ថាបនាជាងការជាន់ពន្លិចបវរកញ្ញាកម្ពុជាយើង។

 

 

សមភូមិប្រកួតដ៏ក្តៅគគុករបស់ Miss Grand Cambodia 2024 បានកំពុងចាប់ផ្តើមហើយ ដោយឆ្នាំនេះមានបេក្ខភាពផ្លូវការចំនួន ២៨ រូប ចូលរួមប្រកួតដណ្តើមមកុដពី កញ្ញា ភឹម ស្រីនោ Miss Grand Cambodia 2023។ 

 

 

ពិធីសន្និសីទកាសែត និងការបំពាក់ឆៀងជូនបេក្ខភាពផ្លូវការទាំង ២៨រូប ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីពេលថ្មីៗ នៅ Summer Bay Beach Club & Cabins ខេត្តព្រះសីហនុ ដែលក្នុងនោះ កញ្ញា ភឹម ស្រីនោ តុបតែងខ្លួនយ៉ាងស្រស់ស្អាតដើម្បីបំពាក់ឆៀងជូនបេក្ខភាពផ្លូវការទាំងអស់។

 

 

ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកកាលពីពេលថ្មីៗ ស្រីនោ បានលើកទឹកចិត្តឱ្យបេក្ខភាពទាំងអស់ក្លាហានបញ្ចេញឱ្យអស់សមត្ថភាព ព្រោះការវាយតម្លៃ និងការដាក់ពិន្ទុចាប់ផ្តើមធ្វើឡើងតាំងពីថ្ងៃដំបូងនៃការប្រកួតមកម៉្លេះ។ ហើយប្រសិនបេក្ខភាពរូបណាមានចម្ងល់អ្វីពាក់ព័ន្ធការប្រកួតថា្នក់ជាតិ-អន្តរជាតិ គឺនាងរីករាយក្នុងការចែករំលែកជាមួយអ្នកគ្រប់គ្នា។

 

 

ទោះបីជិតដល់ពេលត្រូវផ្ទេរតំណែងទៅហើយក្តី ប៉ុន្តែ ស្រីនោ នៅតែញញឹមលើកទឹកចិត្ត និងស្នើរសុំឱ្យមហាជនធ្វើការរិះគន់ក្នុងន័យស្ថាបនា ទោះបេក្ខភាពដែលជាប់ជាអ្នកដែលលោកអ្នកពេញចិត្ត ឬមិនមែនក៏ដោយ។ ដោយសារនាងធ្លាប់ជួបអារម្មណ៍នេះផ្ទាល់ ទើបមិនចង់ឱ្យអ្នកជំនាន់ក្រោយនាងត្រូវទទួលរងអារម្មណ៍ដ៏គួរឱ្យខ្លាចនេះដូចនាងឡើយ។

 

 

Miss Grand Cambodia 2023 សង្ឃឹមថា ឆ្នាំនេះយើងនឹងអាចស្វែងតរកបានបេក្ខភាពដ៏ស័ក្កសមមួយសម្រាប់តំណាងកម្ពុជាលើឆាកអន្តរជាតិ Miss Grand International 2024៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024