ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤
បន្ទាប់ពីចេញ MV ចម្រៀងជាមួយកូនប្រុសរបស់តារាចម្រៀង ព្រាប សុវត្ថិ មិនបានប៉ុន្មានផង ពេលនេះ តារាកូនកាត់ រុស្សី ឌៀប សូហ្វៀរ៉ា បានត្រៀមស្នាដៃថ្មីៗជាច្រើនផ្សេងទៀត ដើម្បីដណ្តើមទីផ្សារក្នុងសិល្បៈ បន្ទាប់ពីនាងធំពេញវ័យ ។
កាន់តែធំពេញវ័យស្រីស្អាតកូនកាត់ រុស្ស៊ី ឌៀប សូហ្វៀរ៉ា កាន់តែស្រស់ស្អាត និងមានទីផ្សារខ្ពស់ក្នុងវិស័យសិល្បៈ រហូតត្រូវបានក្រុមហ៊ុន ម្ចាស់ផលិតកម្មជាច្រើនស្រឡាញ់ពេញចិត្ត ហៅនាងថតជាបន្តបន្ទាប់ ហើយចុងក្រោយនេះ កានក៏កំពុងលេចមុខខ្លាំងនៅក្នុង MV ចម្រៀងរបស់កូនប្រុសលោក ព្រាប សុវត្ថិ និង MV ចម្រៀងរបស់លោក ព្រាប សុវត្ថិ ផ្ទាល់តែម្តង ។
នៅអំឡុងមុនចូលឆ្នាំថ្មីប្រពៃណី ខ្មែរ កូនកាត់ ខ្មែរ រុស្ស៊ី ឌៀប សូហ្វៀរ៉ា បានលេចមុខខ្លាំងនៅក្នុង MV ចម្រៀង « Stuck With You » របស់តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ ដែលជាកូនប្រុសរបស់តារាចម្រៀង ព្រាប សុវត្ថិ ក្រោយមកនាងក៏បានលេចមុខនៅក្នុងការថតផ្សាយពាណិជ្ជកម្មឱ្យធនាគារធំមួយ ក្នុងតម្លៃខ្លួនខ្ពស់គួរសម ដែលធ្វើឱ្យកេរ្តិ៍័ឈ្មោះនាងកាន់តែល្បីល្បាញឡើង ។
ដោយឡែកថ្មីៗនេះ ឌៀប សូហ្វៀរ៉ា ក៏បានលេចមុខនៅក្នុង MV ចម្រៀងរបស់លោក ព្រាប សុវត្ថិ វិញម្តងតាមរយៈបទចម្រៀងដែលមានចំណងជើងថា « ខ្មោចដែលស្លាប់ទៅហើយ » ថ្វីដ្បិតតែ MV ចម្រៀងនេះមិនទាន់ចេញជាផ្លូវការក្តី តែតាមរយៈឈុតខ្លីនៃបទចម្រៀងនេះ គឺពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន មិនចាញ់ពេលនាងចូលរួមសម្តែងក្នុងបទ « Stuck With You » របស់តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ ប៉ុន្មានទេ ។
ឌៀប សូហ្វៀរ៉ា បានឱ្យដឹងផងដែរថា នាងពិតជារីករាយណាស់ដែលបានរួមការងារជាមួយនិងកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ក៏ដូចជាលោក សុវត្ថិ សិរីវុឌ្ឍ ដែលជាកូនប្រុសរបស់លោក ព្រាប សុវត្ថិ ។ នាងជឿជាក់ថា បន្ទាប់ពីបង្ហាញនូវសមិទ្ធិផលធំៗទាំងអស់នេះហើយ កេរ្តិ៍ឈ្មោះរបស់នាងនឹងកាន់តែល្បីល្បាញឡើង ហើយនាងសន្យាថា នឹងខំប្រឹងពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងក្លាឡើង ។
កាន់តែធំពេញវ័យកញ្ញា ឌៀប សូហ្វៀរ៉ា កាន់តែស្រស់ស្អាតប្លែក ហើយថែមទាំងមានទីផ្សារខ្ពស់ ឌៀប សូហ្វៀរ៉ា ក៏ត្រៀមនឹងមានស្នាដៃធំៗជាច្រើនផ្សេងទៀតដើម្បីបង្ហាញមហាជន ទាំងការសម្តែងនៅក្នុងខ្សែភាពយន្ត ក៏ដូចជា MV ចម្រៀង និងថតផ្សាយពាណិជ្ជកម្មនានា...៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច