ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០២៤

 ខេម និងក្រុម Cambodia Football Super Stars ត្រៀមបញ្ចេញសមត្ថភាពក្រោយទទួលបានជំនួយពីសប្បុរសជនជិត ៤លានដុល្លារ

២៩ មេសា ២០២៤ | កម្សាន្ដ

 

តារាចម្រៀង ខេម និងក្រុមបាល់ទាត់ Cambodia Football Super Stars រំភើបចិត្តស្ទើរហោះបន្ទាប់ពីទទួលបានការចូលរួមជួយពីសប្បុរសជននិងបណ្តាក្រុមហ៊ុនមួយចំនួន សរុបជាទឹកប្រាក់ជិត ៤ លានដុល្លារ ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។ ខ្វះតែប៉ុន្មានថ្ងៃទៀត ការប្រកួតបាល់ទាត់មិត្តភាព សប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន » នឹងរួមគ្នាដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ឈានជិតមកដល់ហើយ ហើយតារាចម្រៀង ខេម ដែលជាប្រធានក្រុមបាល់ទាត់ Cambodia Football Super Stars ក៏មិននឹកស្មានថា អាចនឹងរកថវិការបានច្រើនដល់ទៅជិត ៤ លានដុល្លារគិតត្រឹមថ្ងៃទី ២៧ ខែ មេសា  ។

 

 

ការប្រកួតបាល់ទាត់មិត្តភាពនេះ ក៏មានការដឹកនាំប្រកួតផ្ទាល់ដោយពីសម្តេចតេជោ ហ៊ុន សែន ដែលជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារា កម្ពុជា ។ នៅក្នុងសន្នីសីទសារព័ត៌មានមួយ កាលពីល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅផ្សារជីបម៉ុង មេហ្គាម៉ល ២៧១ ក៏មានការចូលរួមពី ឯកឧត្តម ឃួង ស្រេង អភិបាលគណៈអភិបាលរាជធានីភ្នំពេញ អ្នកឧកញ្ញ៉ា លាង ម៉េង សហស្ថាបនិក ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីបម៉ុង តារាចម្រៀង ខេម ព្រមទាំងមន្ត្រី កីឡាករ ជាច្រើនរូបទៀត ។  បើតាមគម្រោងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» នឹងរៀបចំប្រកួតជាផ្លូវការនៅថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៤ នាប៉ុន្មានថ្ងៃខាងមុខនេះ ពហុកីឡដ្ឋានអូឡាំពិក ។

 

 

តារាចម្រៀង ខេម ដែលជាប្រធានក្រុមបាល់ទាត់ Cambodia Football Super Stars បានបង្ហាញនូវអារម្មណ៍រំភើបចិត្តយ៉ាងក្រៃលែងបន្ទាប់ពីមានសប្បុរសជនជាច្រើនបានចូលរួមជួយជាថវិការក្នុងការប្រកួតនេះដើម្បីយកថវិការយកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ជា បើគិតត្រឹមថ្ងៃទី ២៧ ខែ មេសា ថវិការដែលបានពីសប្បុរសជនជួយគឺប្រមាណជិត ៤ លានដុល្លារ ចំនួននេះអាចនឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត  ។តារាចម្រៀង ខេម បានបញ្ជាក់បន្ថែមទៀតថា ការប្រកួតបាល់ទាត់មិត្តភាព សប្បុរសធម៌នេះ គឺធ្វើឡើងដើម្បីស្វែងរកថវិការជួយដល់មន្ទីរពេទ្យគន្ធបុប្ជាពិតប្រាកដ លោកក៏មិននឹកស្មានថា មានសប្បុរសជនចូលរួមជួយច្រើនដល់ថ្នាក់នេះទេ ។ 

 

 

គួរបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់មិត្តភាពប្បុរសធម៌គឺមានការចូលរួម ៤ ក្រុម ដូចជាក្រុមបាល់ទាត់ តារាកម្ពុជា ក្រុមបាល់ទាត់សហព័ន្ធកីឡាគុនខ្មែរ ក្រុមបាល់ទាត់ S&E All Star និងក្រុមបាល់ទាត់អ្នកបង្កើតមាតិកាសង្គម (Vlogger All Star ) ។ លោក ខេម គឺជាប្រធានក្រុមបាល់ទាត់ តារាកម្ពុជា (Cambodia football super stars ) ។ លោក ខូវ ឆាយ ប្រធានក្រុមបាល់ទាត់គុនខ្មែរ ។ 

 

 

លោក អ៊ឹង ឆាយ ក្រុមបាល់ទាត់ S&E All Star  និងលោក ផាន់រុង ក្រុមបាល់ទាត់អ្នកបង្កើតមាតិកាសង្គម (Vlogger All Star ) ។ ចំពោះការប្រកួតនេះ មិនផ្ដោតលើការលើកពាន ចាញ់ឈ្នេះនោះទេ ការប្រកួតនេះ មានគោលបំណង៣ធំៗ ទី១ ដើម្បីផ្សព្វផ្សាយបទបញ្ញារបស់រដ្ឋាភិបាល ដើម្បីលុបបំបាត់គ្រឿងញៀន ទី២ ដើម្បីឲ្យ មហាជនចូលរូមលេងកីឡា ដើម្បីសុខភាព ក្រោមពាក្យស្លោក កីឡារស់ក្រោមម្លប់សន្តិភាព ។ និងទី៣ ដើម្បីប្រម៉ូលមូនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ឃាង ទូច 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024