ថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥

ហ៊ុយ សៀវមិញ និង យឹម ស៊ីវអេង ទទួលជយលាភី២ផ្សេងគ្នាពីការប្រកួត Miss and Mister Teen Internationalនៅ ថៃ

១៤ មិថុនា ២០២២ | កម្សាន្ដ

 

បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាលជាមួយបេក្ខភាពមកពីបណ្តាប្រទេសផ្សេងៗ ទីបំផុតបេក្ខភាពបុរសឯក និងបវកញ្ញាវ័យជំទង់កម្ពុជាទាំងពីររូបគឺ ហ៊ុយ សៀវមិញ និង យឹម ស៊ីវអេង ដណ្តើមបានជយលាភី២ផ្សេងគ្នា ជាមុខមាត់ឱ្យប្រទេសកម្ពុជា។

 


ជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជាលើវិស័យ Beauty Pageant ដោយថ្មីៗនេះ យុវជន ហ៊ុយ សៀវមិញ ហៅ Dimo និងយុវតី យឹម ស៊ីវអេង ហៅ Dav Vika ទទួលបានជយលាភី២ផ្សេងគ្នា ពីការប្រកួត Miss and Mister Teen International 2021/22 នៅប្រទេសថៃ ដែលការប្រកួតផ្តាច់ព្រ័តត្រូវបានប្រារព្ធឡើងនៅយប់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២២ចុងសប្ដាហ៍មុននេះ។

 

 

អំឡុងពេលនៃការប្រកួតប្រជែង Dimo និង Dav Vika បានចូលរួមសកម្មភាពជាច្រើនមុខផ្សេងគ្នា ដែលរៀបចំដោយអ្នករៀបចំកម្មវិធី។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរបានជ្រើសរើសក្បាច់គុណល្បុកត្តោខ្មែរយកទៅសម្តែងជាទេពកោសល្យពិសេសនៅចំពោះមុខគណៈកម្មាការប្រកបដោយភាពជឿជាក់ថែមទៀតផង។បុរសឯក និងបវកញ្ញាវ័យជំទង់កម្ពុជាឆ្នាំ២០២១ ក៏បាននាំយកឈុតតំណាងជាតិចំនួន២ ទៅបង្ហាញលើវេទិកាអន្តរជាតិផងដែរ។ ឈុតទី១ ឈ្មោះថា កិន្នរា គ្រងដោយ Mister Teen Cambodia 2021។

 

 

កិន្នរ គឺជាប្រភេទសត្វបក្សីនៃព្រៃហេមពាន្ត មានរូបឆោមលោមពណ៍ល្អស្រស់ស្អាត ក្នុងទម្រង់រូបរាងជាមនុស្ស មានស្លាបអាចហោះហេីរបាន ដែលយេីងអាចស្គាល់តាមលំនាំនៃរឿងនិទានបុរាណ។ ចំណែក Miss Teen International 2021/22 គ្រងឈុត ក្សត្រីកសិកម្ម ឈុតនេះ បានបង្ហាញពីក្សត្រីមួយព្រះអង្គ ជាអ្នកថែរក្សារាល់ផលដំណាំកសិកម្មទាំងអស់ ដែលបានផលិតដោយប្រជាកសិករកម្ពុជាយើងជាច្រើនជំនាន់បន្តបន្ទាប់គ្នា ហើយឈុតនេះក៏បង្ហាញនូវដំណាំស្រូវ ដែលជាធញ្ញជាតិដ៏សំខាន់ និងជាបេះដូងរបរផលដំណាំទាំងអស់ ដែលចិញ្ចឹមប្រជាជនកម្ពុជាពេញមួយប្រទេស។

 

 

ពីមួួយវគ្គទៅមួយវគ្គ បេក្ខភាពបុរសឯក និងបវកញ្ញាវ័យជំទង់កម្ពុជាទាំងពីររូបធ្វើបានកាន់តែល្អ ទាក់ទាញបានក្រសែភ្នែកអ្នកគ្រប់គ្នាឱ្យសម្លឹងមើលមកមិនដាក់ភ្នែក ដោយសារ ទេពកោសល្យ សមត្ថភាព និងរូបសម្រស់របស់ពួកគេ។ពិតមិនធ្វើឱ្យអ្នកគាំទ្រខកបំណង នៅចុងបញ្ចប់នៃការប្រកួតវគ្គផ្តាច់ព្រ័ត ហ៊ុយ សៀវមិញ និង យឹម ស៊ីវអេង ដណ្តើមបានជយលាភី២ផ្សេងគ្នា ពីការប្រកួត Miss and Mister Teen International 2021/22 នៅប្រទេសថៃ។

 

 

ក្នុងនោះ យុវជន ហ៊ុយ សៀវមិញ Mister Teen Cambodia 2021 ទទួលបានជយលាភី Mister International Pre Teen of The Year in Top 5 of Mister Teen International 2022 រីឯ យុវតី យឹម ស៊ីវអេង ទទួលបានជយលាភី 2nd Princess of Miss Teen International 2022។ នេះបើយោងតាមការបង្ហោះជាសារធារណៈរបស់ FB Page ផ្លូវការ Miss & Mister Teen Cambodia។នេះចាត់ទុកជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ វិស័យ Beauty Pageant របស់កម្ពុជា ដែលមានបេក្ខភាពមានសមត្ថភាពទេពកោសល្យទាំងវ័យក្មេងយ៉ាងដូច្នេះ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់់ធីតា រូបភាព៖ PNN និង FB Page Miss & Mister Teen Cambodia

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025