ថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥
តារាកំប្លែងសាច់សខ្ចី ពី យ៉ាពីន បានក្លាយជាតារាកិត្តិយសថ្មីនៅក្នុងកម្មវិធី « អ្នកជិតខាង » របស់ទូរទស្សន៍ ភីអិនអិន ហើយនាងនឹងមកអង្រួញបេះដូងទស្សនិកជនឱ្យកាន់តែជក់ចិត្តដិតអារម្មណ៍ជាមួយនឹងការលេងកំប្លែងរបស់ខ្លួនមិនឱ្យ ពូណុយ ឯកោរដូចមុនទេ ។
ដើម្បីឱ្យកម្មវិធី « អ្នកជិតខាង » កាន់តែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនបន្ថែមទៀតនោះ ក្រុមការងារយើងបានពង្រើក និងរៀបចំឆាកថ្មីបន្ថែមទៀតដើម្បីបង្កើនសោភណ្ឌភាព ជាពិសេសក៏មានបន្ថែមតារាកិត្តិយសថ្មីមួយរូបទៀត ដែលមានឈ្មោះថា ពី យ៉ាពីន នឹងមកធ្វើជាដៃគូជាមួយ ពូណុយ នៅក្នុងកម្មវិធីដ៏គួរឱ្យចាប់អារម្មណ៍នេះ ។
ពីមួយថ្ងៃទៅមួយថ្ងៃកម្មវិធី « អ្នកជិតខាង » កាន់តែទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ដោយក្នុងកម្មវិធីនេះ ដោយមាននាយ ព្រែក និង កញ្ញា យ៉ែម ស្រីពេជ្រ ជាពិធីករ រួមជាមួយតារាកិត្តិយសជាច្រើនរូបទៀត ដូចជាពូណុយ ជាដើម ...។
ដោយឡែក កញ្ញា ពី យ៉ាពីន ក៏ត្រៀមនឹងមកអង្រួញបេះដូងទស្សនិកជននៅក្នុងកម្មវិធីនេះផងដែរ នាងត្រូវបានអ្នករៀបចំកម្មវិធីជ្រើសរើសសម្តែងជាម្ចាស់ហាង « ត្រាវល័រ » សាឡន ក៏ជាដៃគូរបស់ ពូណុយ ។ ជួបជាមួយកញ្ញា ពី យ៉ាពីន នៅក្នុងកម្មវិធី « អ្នកជិតខាង » កាលពីពេលថ្មីៗនេះ កញ្ញាបានឱ្យដឹងថា កញ្ញាពិតជារីករាយណាស់ដែលមានឱកាសបានចូលរួមក្នុងកម្មវិធីនេះ ។
កញ្ញា ពី យ៉ាពីន បានប្រលូកក្នុងវិស័យសម្តែងជាង ៧ ឆ្នាំមកហើយ ភាគច្រើនទស្សនិកជនស្គាល់នាងតាមរយៈការសម្តែងរឿងកំប្លែង ខ្លីៗ និង ចូលរួមក្នុងកម្មវិធីនានា ។ ក្រៅពីអាជីព សម្តែង និង កំប្លែង ពី យ៉ាពីន អាចច្រៀង និងកាត់សក់ការបានយ៉ាងល្អ ជាក់ស្តែងកន្លងមកនាងរកប្រាក់ចំណូលបានច្រើន គួរសមពីអាជីពនេះ ។
តារាកំប្លែងវ័យ ២៩ ឆ្នាំ ពី យ៉ាពីន បានបន្ថែមទៀតថា ការងារសម្តែងនៅក្នុងកម្មវិធី « អ្នកជិតខាង » របស់ទូរទស្សន៍ ភីអិនអិន មិនជាការងារលំបាកសម្រាប់នាងឡើយពីព្រោះនាងធ្លាប់ឆ្លងកាត់ការសម្តែងបែបនេះច្រើនមកហើយ នាងរំពឹងថា ទស្សនិកជននឹងចូលរួមគាំទ្រវត្តមានថ្មីរបស់នាងនៅក្នុងកម្មវិធីនេះកាន់តែច្រើនឡើង ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា