ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤

ត្រីមាសទី១ កម្ពុជានាំចេញទំនិញជាង ២៤១លានដុល្លារទៅកាណាដាកើនជាង ៨ភាគរយ

១០ ឧសភា ២០២២ | សេដ្ឋកិច្ច

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា កម្ពុជាបាននាំចេញ ទំនិញក្នុងតម្លៃ ជាង ២៤១លានដុល្លារទៅប្រទេសកាណាដា កាលពីត្រីមាសទី១ ឆ្នាំ២០២២ កើនជាង ៨ភាគ រយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ មានត្រឹមតែជាង ២៤៥លានដុល្លារប៉ុណ្ណោះ។ 


ស្ថិតិទំនិញពាណិជ្ជកម្មនាំចេញជាមួយប្រទេសសំខាន់ៗដែលបានដកស្រង់ចេញពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២២ ការនាំទំនិញពីកម្ពុជាទៅប្រទេសកាណាដា មានទឹកប្រាស់សរុបជាង ២៤១លានដុល្លារ កើនឡើងជាង៨ ភាគរយបើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១ ដែលមានទឹកប្រាក់ ២២៣លានដុល្លារ


អ្នកជំនាញសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាបានគូសបញ្ជាក់ថា ដំណើរនៃការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជាជាមួយប្រទេសកាណាដា គឺវាដូចគ្នាទៅនិងការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិកដែរ ដែលកន្លងមកប្រទេសនេះគឺមានតម្រូវការទំនិញសំខាន់ៗពីកម្ពុជាក្នុងវិស័យកសិកម្ម និងវិស័យវាយនភ័ណ្ឌកាត់ដេរ និងកង់ជាដើម។


ជុំវិញនឹងការធ្វើពាណិជ្ជកម្មនេះដែរលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាធ្លាប់បានដឹងថា ពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសកាណាដា នឹងមានទំហំកាន់តែធំថែមទៀតប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា អាចសម្រេចបានជាផ្លូវការ។

 


លោកឧកញ៉ាបន្តថា សម្រាប់ទីផ្សារប្រទេសកាណាដា កន្លងមកកម្ពុជាបាននាំចេញច្រើននូវមុខទំនិញសំខាន់ៗមួយចំនួនដូចជា ផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ សម្ភារធ្វើដំណើរ និងកង់ជាដើម។

 


លោកឧកញ៉ាបន្តថា សភាពាណិជ្ជកម្មកម្ពុជាក៏គ្រោងបើកការិយាល័យតំណាងដំបូងគេនៅក្នុងប្រទេសកាណាដា បន្ទាប់មកសហគមន៍អឺរ៉ុប អាមេរិក ចិន ជប៉ុនផងដែរ ប៉ុន្តែត្រូវបានអូសបន្លាយមកដល់ពេលនេះ ដោយសារតែជំងឺកូវីដ ១៩។

 


យ៉ាងណាបច្ចុប្បន្នសភាពាណិជ្ជកម្មកម្ពុជាក៏កំពុងសហការជាមួយក្រសួងពាណិជ្ជកម្ម រៀបចំនីតិវិធីក្នុងការបើកការិយាល័យតំណាងនេះ ដើម្បីធ្វើយ៉ាងណាសម្រួលដល់ការទំនាក់ទំនងផ្នែកធុរកិច្ច ពាណិជ្ជកម្មរវាងប្រទេសអភិវឌ្ឍន៍ទាំងនោះឱ្យបានឆាប់។

 


សូមជម្រាបថាក្នុងរយៈពេលបីខែដំបូងដើមឆ្នាំនេះការនាំទំនិញពីប្រទេសកាណាដា មកកម្ពុជា មានទឹកប្រាក់ត្រឹមជាង៤លានដុល្លារ គឺធ្លាក់ចុះជាង ៤៣ភាគរយ ពីចំនួនជាង ៧លានដុល្លារ៕
 

 

អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024