ថ្ងៃច័ន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០២៤

យុវជនថៃជាច្រើនស្វែងរកគ្រូទាយតាមអ៊ីនធឺណិតកាន់តែច្រើនឡើងដើម្បីបំបាត់ការថប់បារម្ភរបស់ពួកគេ

គ្រូទាយម្នាក់គឺនាង Suthasinee Parnpphiphat បានកាន់កាន់បៀបីសន្លឹកនៅពីមុខនាង ហើយចាប់ផ្តើមសម្លឹងមើលអតិថិជនរបស់ខ្លួន។ ប៉ុន្តែជំនួសឱ្យអង្គុយនៅតាមផ្លូវឬពីមុខហាង គ្រូទាយរូបនេះកំពុងអង្គុយនៅក្នុងស្ទូឌីយ៉ូមានពន្លឺចែងចាំងជាមួយផ្ទៃខាងក្រោយពណ៌ផ្កាឈូកព្រឿងៗនិងនិយាយទៅកាន់អតិថិជនតាមអនឡាញខណៈដែលយុវជនថៃកាន់តែច្រើនស្វែងរកគ្រូទាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។

 

 

 

នាង Suthasinee គឺជាគ្រូទាយម្នាក់ក្នុងចំណោមគ្រូទាយតាមអ៊ីនធឺណិតចំនួន ៧ ពាន់នាក់ដែលបម្រើការងារនៅក្រុមហ៊ុន A Duang ដែលបានបង្កើតកម្មវិធីទស្សន៍ទាយតាមអនឡាញនិងទទួលបានចំនួនអតិថិជនកាន់តែច្រើនឡើងភាគច្រើនគឺជាក្រុមយុវវ័យតែម្ដងព្រោះពួកគេចង់បន្ថយភាពតានតឹងក្នុងអារម្មណ៍ដោយសារជំងឺខូវីដ១៩។

 


បច្ចុប្បន្នដោយមានអ្នកប្រើប្រាស់ជិតកន្លះលាននាក់ភាគច្រើនជាយុវជនមានអាយុពី 18-30 ឆ្នាំនោះ ក្រុមហ៊ុន A Duang គឺជាផ្នែកមួយនៃឧស្សាហកម្មទស្សន៍ទាយក្រៅផ្លូវការដ៏ធំមួយនៅប្រទេសថៃ ដែលគេបានប៉ាន់ស្មានថានឹងទទួលបានចំណូលប្រហែល 5 ពាន់លានបាតប្រហែល១៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំចាប់តាំងពីការផ្ទុះឡើងនៃជំងឺខូវីដ១៩។

 

 


លោក Kittikhun Yodrak នាយកគ្រប់គ្រងក្រុមហ៊ុន A Duang បានប្រាប់រ៉យទ័រថា ក្រុមយុវជនបានសួរសំណួរជាច្រើន ហើយពួកគេអាចទទួលបានចម្លើយភាគច្រើនពីអ៊ីនធឺណិតប៉ុន្តែចំពោះរឿងរ៉ាវដែលមិនច្បាស់លាស់ ការទស្សន៍ទាយបែបនេះគឺជាមធ្យោបាយសម្រាប់មនុស្សទាំងនេះក្នុងការស្វែងរកសន្តិភាពផ្នែកផ្លូវចិត្ត។

 


ប្រជាពលរដ្ឋថៃមានទម្លាប់មើលគ្រូទាយដោយផ្ទាល់តាំងពីយូរយារណាស់មកហើយដូចជាការមើលបាតដៃ មើលសន្លឹកបៀនិងតាមរយៈការចាក់គម្ពីរជាដើម។ ប៉ុន្តែជំងឺខូវីដ១៩បានផ្លាស់ប្តូរម៉ាកទស្សន៍ទាយប្លែកៗរបស់ប្រទេសថៃពីការអង្គុយតាមផ្លូវនិងមុខហាងទៅជាការទស្សន៍ទាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមទៅវិញដែលកំពុងមានការពេញនិយមខ្លាំងពីយុវវ័យ។

 

 

 


គ្រូទាយ Suthasinee បាននិយាយថា ពេលនេះអតិថិជនបានសួរសំណួរភាគច្រើនពាក់ព័ន្ធនឹងអាជីពការងាររបស់ពួកគេគឺខុសពីមុនពេលជំងឺខូវីដ១៩បានផ្ទុះឡើងដែលពេលនោះពួកគេបានផ្ដោតខ្លាំងលើបញ្ហាសេ្នហានិងទំនាក់ទំនងប្ដីប្រពន្ធ៕

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024