ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

រស់នៅជាមួយជំងឺមហារីក ២ឆ្នាំ អេង វ៉ាណង បានជាសះស្បើយពីជំងឺ និងទទួចសុំការងារពីផលិតករដើម្បីរកប្រាក់ចិញ្ចឹមកូនទាំង៣ ! 

០៩ កញ្ញា ២០២៤ | កម្សាន្ដ

 

រស់នៅជាមួយជំងឺមហារីកសុដន់អស់ពេល ២ ឆ្នាំ និងបានបាញ់គីមីចំនួន ៨ ដង បានជាសះស្បើយពីជំងឺហើយ តារាសម្តែង អេង វ៉ាណងបានទទូចសុំការងារធ្វើពីបណ្តាផលិតករក្នុងនិងក្រៅប្រទេស ដើម្បីរកប្រាក់ចិញ្ចឹមខ្លួន និង កូន ៣ នាក់ក្នុងបន្ទុក ។ 

 

 

តារាសម្តែង អេង វ៉ាណង បានរស់នៅជាមួយជំងឺមហារីកសុដន់អស់ពេល ២ ឆ្នាំ ដោយបានបាញ់គីមីចំនួន ៨ ដងដើម្បីព្យាបាលជំងឺ ពេលនេះតារាសម្តែងស្រីរូបនេះបានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះហើយ ដោយនាងទទួចសុំការងារពីបណ្តាផលិតករក្នុងនិងក្រៅស្រុកធ្វើការងារ ដើម្បីទទួលបានប្រាក់ចំណូលខ្លះចិញ្ចឹមខ្លួន និងកូនទាំង ៣ នាក់ ។

 


រស់នៅជាស្រ្តីមេម៉ាយមានកូន ៣នាក់ក្នុងបន្ទុកមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែតារាសម្តែង អេង វ៉ាណង មិនដែលត្អូញត្អែរក្នុងជីវិត ទោះបីជាត្រូវគេមើលងាយមើលថោក នាងបានតស៊ូរហូតកូនទាំង ៣ បានធំធាត់ និងបានចូលសាលារៀនត្រឹមត្រូវ ។

 

 

 អ្វីដែលកាន់តែរន្ធត់ចិត្តទៀតនោះគឺ ២ ឆ្នាំមកនេះ តារាសម្តែងខាងលើ បានរស់នៅជាមួយជំងឺដ៏កាចសាហាវមហារីកសុដន់ ដែលបានញុំាញីជីវិតរបស់ខ្លួនឱ្យធ្លាក់ដល់សូន្យ ស្ទើរតែគ្មានជីវិតរស់ តែសំណាងល្អ នាងទទួលបានការជួយពីសប្បុរសជន មិត្តភក្តិក្នុងនិងក្រៅសិល្បៈ នាងបានយកលុយទៅបាញ់គីមីចំនួន ៨ ដង ទើបអាចមានជីវិតរស់ដល់សព្វថ្ងៃនេះ ។  

 

 

តារារូបនេះទទួលបានកម្លាំងចិត្តយ៉ាងធំធេងក្នុងការតស៊ូប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ គឺកូនៗទាំង ៣ នាក់របស់ខ្លួន ថ្វីដ្បិតតែពេលនេះនាងបានជាសះស្បើយពីជំងឺក៏ពិតមែន តែនាងត្រូវតបអាហារ និង រស់នៅស្អាត ត្រូវទៅជួបគ្រូពេទ្យតាមការណាត់ ។   

 

 

តារាសម្តែង អេង វ៉ាណង បានប្រលូកក្នុងសិល្បៈអស់រយៈពេល ២០ ឆ្នាំហើយ ប៉ុន្តែនាងពុំទាន់មានផ្ទះសំបែងរស់នៅត្រឹមត្រូវនិងគេនៅឡើយទេ សព្វថ្ងៃនេះនាងរស់នៅផ្ទះជួលតូចចង្អៀត នាងសង្ឃឹមថា ពេលដែលជំងឺរបស់ខ្លួនជាសះស្បើយ នឹងទទួលបានការងារច្រើនពីសំណាក់ផលិតករ ខ្មែរ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជិវិត និងកូនៗទាំង ៣ នាក់ ៕ 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច និង ហ្វេសប៊ុក 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024