ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

មនុស្សរាប់សិបនាក់បានស្លាប់ដោយសារទឹកជំនន់ និងការបាក់អគារនៅប្រទេសឥណ្ឌា

០៩ កញ្ញា ២០២៤ | ព័ត៌មានអន្តរជាតិ

មនុស្សរាប់សិបនាក់បានស្លាប់ដោយសារទឹកជំនន់ និងការបាក់អគារដោយសារតែការធ្លាក់ភ្លៀងខ្លាំងនៅប្រទេសឥណ្ឌាកាលពីថ្ងៃចុងសប្ដាហ៍កន្លងមកនេះ។ ភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំងនៅក្នុងទីក្រុង វីចាយ៉ាវ៉ាដា នៅរដ្ឋ អេនដ្រាប្រាដិស នៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ដោយបង្កជាទឹកជំនន់ជន់លិចលំនៅឋានជាច្រើន និងបង្ខំឱ្យអាជ្ញាធរជម្លៀសពលរដ្ឋចេញពីលំនៅឋានរបស់ពួកគេ។

 

 

ក្រុមជួយសង្គ្រោះបាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះកំពុងជួបការលំបាកដោយសារអ្នកជួយសង្គ្រោះមួយចំនួនបានរងរបួស ខណៈពួកគេកំពុងព្យាយាមជួយអ្នកស្រុករាប់ពាន់នាក់ដែលជាប់គាំងដោយទឹកជំនន់។ ទូរទស្សន៍ ANI បានរាយការណ៍ថា មនុស្សយ៉ាងតិច ៣២ នាក់បានស្លាប់ដោយសារឧប្បត្តិហេតុទាក់ទងនឹងទឹកជំនន់នៅទូទាំងរដ្ឋនេះ។ បើតាមការិយាល័យអាកាសធាតុរបស់ឥណ្ឌាបានឱ្យដឹងថា វានឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះនៅក្នុងទីក្រុងនេះ ខណៈដែលទឹកជំនន់បានស្រកចុះបន្តិចម្តងៗហើយ។

 

 

 

ទន្ទឹមនេះដែរ មានការដួលរលំអគារកម្ពស់ ៣ ជាន់មួយកន្លែងនៅក្នុងទីក្រុង លុកណាវ (Lucknow) នៅរដ្ឋឧត្តារ៉ាប្រាដិសនៅពេលមានការធ្លាក់ភ្លៀងខ្លាំងនៅក្នុងទីក្រុងនេះ។ ក្រុមជួយសង្គ្រោះបានទាញយកសាកសព ៨ នាក់ចេញពីគំនរបែកបាក់អគារនេះ ខណៈដែលមនុស្សចំនួន ២០ នាក់ត្រូវបានជួយសង្គ្រោះ ហើយបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកមូលដ្ឋានផងដែរ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024