ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤

ក្រុមហ៊ុន Samsung អាចនឹងកាត់បន្ថយបុគ្គលិករហូតដល់ ៣០% នៅទូទាំងសកលលោក

១៧ កញ្ញា ២០២៤ | សេដ្ឋកិច្ច

 ក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន ទូរទស្សន៍ និងបន្ទះឈីបលំដាប់កំពូលរបស់ពិភពលោក កំពុងកាត់បន្ថយបុគ្គលិកនៅក្រៅប្រទេសរហូតដល់ ៣០% នៅក្នុងផ្នែកមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិ Reuters នៅថ្ងៃនេះ។

 

 

ប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានបង្ហើបថា ក្រុមហ៊ុន Samsung ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង បានណែនាំក្រុមហ៊ុនបុត្រសម្ព័ន្ធទូទាំងពិភពលោក ឱ្យកាត់បន្ថយបុគ្គលិកផ្នែកលក់ និងទីផ្សារប្រហែល ១៥% និងបុគ្គលិករដ្ឋបាលរហូតដល់ ៣០%។

 


ជាមួយគ្នានេះ ផែនការនេះ នឹងត្រូវបានអនុវត្តនៅចុងឆ្នាំនេះ ហើយនឹងប៉ះពាល់ដល់ការងារនៅទូទាំងអាមេរិក អឺរ៉ុប អាស៊ី និងអាហ្រ្វិក។យ៉ាងណាមិញ វាមិនទាន់ច្បាស់ទេថា តើមានមនុស្សប៉ុន្មាននាក់ នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញ ហើយប្រទេសណា និងអង្គភាពអាជីវកម្មណាខ្លះ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារវិសាលភាព និងព័ត៌មានលម្អិតនៃការកាត់ការងារ នៅតែរក្សាការសម្ងាត់។

 


នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ការកែសម្រួលកម្លាំងពលកម្មនៅក្រៅប្រទេសមួយចំនួន គឺជាទម្លាប់ ហើយមានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព។សូមជម្រាបថា ក្រុមហ៊ុន Samsung មានបុគ្គលិកសរុបចំនួន ២៦ម៉ឺននាក់ គិតត្រឹមដំណាច់ឆ្នាំ ២០២៣ ហើយប្រមាណ ១៤ម៉ឺននាក់ មានមូលដ្ឋាននៅក្រៅប្រទេស៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024