ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤

វេទិកាការីនិពន្ធ៖ ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីសំខាន់ ក្នុងការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុនៅកម្ពុជា

១៨ កញ្ញា ២០២៤ | សេដ្ឋកិច្ច

 

វេទិកាការីនិពន្ធ បានបង្ហាញឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយ បានចូលរួមចំណែកលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុនៅកម្ពុជា ខណៈការប្រកួតប្រជែងការផលិតមាតិកាពហុមេឌា ដើម្បីជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុ ត្រូវបានប្រកាសចាប់ផ្តើមជាផ្លូវការ។

 

 

នាឱកាស វេទិកាការីនិពន្ធស្តីអំពី តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការរាយការណ៍អំពី អក្ខរកម្មហិរញ្ញវត្ថុ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុនៅកម្ពុជា គឺជារឿងសំខាន់ដែលប្រព័ន្ធផ្សព្វផ្សាយត្រូវធ្វើ ក្នុងការផ្តល់ចំណេះដឹងនានា ពាក់ព័ន្ធនឹងចំណេះដឹងហិរញ្ញវត្ថុទៅកាន់ប្រជាពលរដ្ឋកម្ពុជា ហើយជាពិសេសគឺ ផ្តល់នូវចំណេះដឹងដែលជាដំណោះស្រាយ ជាជាងការលើកឡើងអំពីបញ្ហាដែលគ្មានដំណោះស្រាយ។

 


ជាមួយគ្នានេះ លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានលើកឡើងថា ការយល់ដឹងផ្នែកហិរញ្ញវត្ថុ គឺពិតជាសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសនៅពេលដែលប្រទេសកម្ពុជា កំពុងអភិវឌ្ឍខ្លួន ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។

 


លើសពីនេះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានរំលេចឡើងដែរថា ការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ គឺមានគោលដៅបង្កើនចំណេះដឹងរបស់ប្រជាពលរដ្ឋ ហើយវាជាសកម្មភាពអាទិភាពរបស់និយ័តករធានារ៉ាប់រងកម្ពុជា ដែលបានដាក់ចេញផងដែរ។

 


សូមជម្រាបដែរថា ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការជាមួយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia រៀបចំការប្រកួតប្រជែងមាតិកាពហុមេឌាក្រោមប្រធានបទ «ពង្រឹងការសន្សំសម្រាប់ក្រុមគ្រួសារកម្ពុជា» និងចាប់ផ្តើមទទួលពាក្យចាប់ពីពេលនេះតទៅ៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត  

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024