ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤

វៀតណាម និងចិន សម្រេចទំហំពាណិជ្ជកម្មជិត ១៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៨ខែ

១៩ កញ្ញា ២០២៤ | សេដ្ឋកិច្ច

 

យោងតាមស្ថិតិចុងក្រោយរបស់អគ្គនាយកដ្ឋានគយវៀតណាម បានឱ្យដឹងថា ចំណូលនៃការនាំចូល-នាំចេញរវាងវៀតណាម និងចិន ឈានដល់ជិត ១៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 


ក្នុងចំណោមតួលេខនេះ តម្លៃនាំចេញរបស់វៀតណាម មានចំនួន ៣៨ពាន់លានដុល្លារ កើនឡើង ៤% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។វៀតណាម មានទំនិញចំនួន ១០ ដែលមានចំណូលពីការនាំចេញលើស ១ពាន់លានដុល្លារ រួមមាន ទូរស័ព្ទ កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក កាមេរ៉ា ផ្លែឈើនិងបន្លែ គ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់។

 


ទន្ទឹមនឹងនេះដែរ ប្រទេសវៀតណាម បាននាំចូលទំនិញតម្លៃ ៩២ពាន់លានដុល្លារពីប្រទេសចិន កើនឡើង ៣៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ទំនិញនាំចូលពីទីផ្សារចិនភាគច្រើនជាផលិតផល និងវត្ថុធាតុដើមសម្រាប់ផលិតនាំចេញ ដូចជា គ្រឿងម៉ាស៊ីន សារធាតុគីមី និងផលិតផលគីមី ប្លាស្ទិកគ្រប់ប្រភេទ និងផលិតផលប្លាស្ទិក សម្ភារៈវាយនភណ្ឌ ស្បែក និងស្បែកជើង ដែក និងសម្ភារៈសំណង់។

 


សូមរម្លឹកថា កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ បានកើនឡើងដល់ ១៧១ពាន់លានដុល្លារ ក្នុងនោះ ការនាំចេញរបស់វៀតណាមមានចំនួន ៦១ពាន់លានដុល្លារ និងនាំចូល ១១០ពាន់លានដុល្លារ។

 

 

ជាមួយនឹងភាពប្រសើរឡើងយ៉ាងខ្លាំងនៃ ពាណិជ្ជកម្មក្នុងអំឡុងឆមាសទី ១ ពាណិជ្ជកម្មវៀតណាម និងចិន ត្រូវបានគេព្យាករណ៍ថា នឹងឈានដល់កម្រិត ២០០ពាន់លានដុល្លារនៅឆ្នាំនេះ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024