ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤

ធនាគារជាតិ៖ ការចូលរួមសហការពីវិស័យឯកជន បានអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ កាន់តែរស់រវើក

១៩ កញ្ញា ២០២៤ | សេដ្ឋកិច្ច

 

ថ្នាក់ដឹកនាំនៃ ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ធនាគារជាតិ បន្តខ្នះខ្នែងក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីបង្កើនអត្ថប្រយោជន៍នៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់អ្នកប្រើប្រាស់ នៅកម្ពុជា។

 

 

 

ថ្លែងក្នុងព្រឹត្តិការណ៍ CamTech Summit ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ធនាគារជាតិ បានទទួលយកបច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធទូទាត់នៅកម្ពុជា រួមមានប្រព័ន្ធទូទាត់ជាតិ ការទូទាត់រហ័ស ធនាគារអនឡាញ និងប្រព័ន្ធបាគងជាដើម ដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះ មានគោលបំណងធ្វើឱ្យសេវាទូទាត់ អាចប្រើប្រាស់បានកាន់តែច្រើន ជាពិសេសសម្រាប់បុគ្គល និងអាជីវកម្មដែលរស់នៅក្នុងតំបន់ជនបទ ដោយលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នា ចូលរួមក្នុងប្រតិបត្តិការហិរញ្ញវត្ថុឌីជីថល។

 


លោកជំទាវ បន្តថា ដោយមានការចូលរួមសហការពីវិស័យឯកជន ប្រព័ន្ធបាគង អាចជាគំរូជាក់ស្តែង ដែលគ្រប់គ្នាអាចមើលឃើញពី ភាពជោគជ័យនៃប្រព័ន្ធទូទាត់នៅកម្ពុជា ហើយវាក៏ជាចំណុចចាប់ផ្តើមសំខាន់មួយ ដែលរំពឹងនឹងនាំយកមកនូវ អ្វីដែលថ្មីបន្ថែមទៀត សម្រាប់វិស័យហិរញ្ញវត្ថុរបស់កម្ពុជា។តួយ៉ាង ថ្មីៗនេះ ធនាគារជាតិ ក៏បានដាក់ឱ្យដំណើរការ កម្មវិធី BAKONG Tourists App ដំណាក់កាលទី ១ នៅខេត្តសៀមរាប ផ្តល់ដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថលសម្រាប់ភ្ញៀវអន្តរជាតិ ជាមួយបទពិសោធន៍ទូទាត់ដោយមិនត្រូវការសាច់ប្រាក់ និងអាចធ្វើការទូទាត់ដោយការស្កេនជាមួយ KHQR Codes នៅទីតាំងពាណិជ្ជករលើសពី ៣លានកន្លែងទូទាំងប្រទេស។

 


លោក ប៉ិល រ៉េម៉ីស៊ីសុផន ប្រធានសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ក៏បានថ្លែងដែរថា CamTech Summit ២០២៤ ជាកម្មវិធីលើកទី៥ និងជាពេលវេលាដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ផ្លាស់ប្តូរពី ការផ្សារភ្ជាប់បច្ចេកវិទ្យាជាមួយនឹងប្រព័ន្ធហិរញ្ញវត្ថុ ទៅជាការធានានូវអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ ប្រកបដោយចីរភាពក្នុងរយៈពេលវែង ដែលរួមមាន បរិយាបន្នហិរញ្ញវត្ថុ អក្ខរកម្មហិរញ្ញវត្ថុ និងការបំពេញចន្លោះប្រយោងក្នុងការចូលទៅប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុជាដើម។

 


សូមជម្រាបថា បច្ចេកវិទ្យាហិរញ្ញវត្ថុ មិនត្រឹមតែជាមធ្យោបាយនៃប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែវាអនុញ្ញាតឱ្យមានអន្តរកម្មយ៉ាងរលូនរវាង អ្នកប្រើប្រាស់ អាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុ ជាក់ស្តែង ប្រព័ន្ធទូទាត់ប្រកបដោយប្រសិទ្ធភាព ក៏បានជួយសម្រួលដល់ការជឿទុកចិត្ត បង្កើនបទពិសោធន៍ល្អៗ សម្រាប់អ្នកប្រើប្រាស់ និងជំរុញការច្នៃប្រឌិតបន្ថែម សម្រាប់សេវាកម្មហិរញ្ញវត្ថុផ្សេងៗឱ្យរីកចម្រើន៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024