ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បន្តការវិនិយោគលើវិស័យទឹកស្អាតនៅកម្ពុជា

១៩ កញ្ញា ២០២៤ | សេដ្ឋកិច្ច

 

ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) នឹងបន្តវិនិយោគលើវិស័យទឹកស្អាតនៅកម្ពុជា ថែមទាំងពង្រឹងសមត្ថភាពរបស់រដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាតឯកជនផងដែរ។ ខណៈសហភាពអឺរ៉ុបក៏បានអនុម័តផ្តល់ជំនួយឥតសំណងចំនួន ១២លានអឺរ៉ូ ឬប្រមាណ ១៣លានដុល្លារ សម្រាប់គម្រោងរោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣។

 

 

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម ស៊ីរីល ប៊ែលលីយេ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ទទួលបន្ទុកតំបន់អាស៊ី មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត បានធ្វើដំណើរទស្សនកិច្ចទៅកាន់គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ ដើម្បីពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដ៏ទំនើបនេះ ព្រមទាំងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ។

 


ឯកឧត្តម ស៊ីរីល ប៊ែលលីយេ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានលើកឡើងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់អាទិភាពលើសេវាទឹកស្អាត សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ និងជាកាតាលីករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពិសេសនៅក្នុងទីក្រុង តំបន់ប្រជុំជន ច្រករបៀងសេដ្ឋកិច្ច តំបន់ឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ជាដើម។ ការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ដៃគូ ដូចជាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហភាពអឺរ៉ុប មានសារៈសំខាន់ណាស់ ខណៈដែលកម្ពុជាកំពុងខិតខំប្រឹងប្រែង សម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្តីពីទឹកស្អាត និងអនាម័យ។ 

 


ទន្ទឹមនឹងនេះ រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ បានបើកការដ្ឋានសាងសង់ក្នុងខែមេសា ឆ្នាំ២០២៤ និងគ្រោងចំណាយពេលសាងសង់ ៣៦ខែ ដោយប្រើថវិកាប្រមាណ ២៥២លានដុល្លារអាមេរិក ក្នុងនោះ ២១០លានដុល្លារអាមេរិក ជាកម្ចីសម្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD និង ៤២លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ក្នុងនោះផងដែរ សហភាពអឺរ៉ុបក៏បានអនុម័តផ្តល់ជំនួយឥតសំណងចំនួន ១២លានអឺរ៉ូ ឬប្រមាណ ១៣លានដុល្លារ សម្រាប់គម្រោងនេះផងដែរ។

 


សូមជម្រាបថា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ក៏ទើបបានអនុម័តជំនួយឥតសំណងចំនួន ២សែនអឺរ៉ូ ឬប្រមាណ ២សែន២ម៉ឺនដុល្លារ សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពដល់រដ្ឋាករទឹកស្វយ័តសៀមរាប។ ក្រោយការសិក្សា សមិទ្ធិលទ្ធភាពកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោងដែលមានតម្លៃប្រមាណ ២៥លានអឺរ៉ូ ឬប្រមាណ ២៨លានដុល្លា គ្រោងនឹងចុះហត្ថលេខានៅត្រឹមដំណាច់ឆ្នាំ២០២៥។

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024