ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤

ក្រសួងកសិកម្ម៖ សាជីវកម្មធានាឥណទានកម្ពុជា នឹងអាចផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់ដល់កសិករ ដើម្បីអភិវឌ្ឍសហគមន៍កសិកម្មទំនើប

១៩ កញ្ញា ២០២៤ | សេដ្ឋកិច្ច

 

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីធានាឥណទានដល់កសិករ ដើម្បីអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅកម្ពុជា។

 

 

 

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដែលបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម និងសាជីវកម្មធានាឥណទានកម្ពុជា ធ្វើយ៉ាងណារួមគ្នាដើម្បីអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ឱ្យមានមូលដ្ឋានបច្ចេកទេស ផលិតតាមតម្រូវការទីផ្សារ មានគុណភាពល្អ កាត់បន្ថយថ្លៃដើមផលិត និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។

 


ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ជាដៃគូដ៏ល្អតាមរយៈការវាយតម្លៃ និងផ្តល់ធាតុចូលសំខាន់ៗ ក្នុងការរៀបចំផែនការអាជីវកម្មដល់សហគមន៍កសិកម្មទំនើប ឱ្យជាចេញជារូបរាងពិតប្រាកដ និងទទួលបានជោគជ័យ។ ក្នុងនោះដែរ ការជោគជ័យនៅក្នុងវិស័យកសិកម្ម ត្រូវការការចូលរួមពីស្ថាប័ន និងដៃគូពាក់ព័ន្ធនានា ដោយឆ្លងកាត់ការគិតគូរ និងចាំបាច់ត្រូវមានយុទ្ធសាស្រ្តច្បាស់លាស់។ 

 


ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចូលរួមជាដៃគូ ព្រមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលប្រឹងប្រែងធ្វើការរួមគ្នា នឹងអាចផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់ដល់កសិករ ឈានទៅទទួលបានផលវិជ្ជមានជាផ្លែផ្កា និងលទ្ធផលបានល្អប្រសើរតាមការរំពឹងទុក ក្រោមម្លប់នៃសុខសន្តិភាព។

 


ទន្ទឹមនឹងនេះ សហគមន៍កសិកម្មទំនើប បានដើរតួនាទីយ៉ាងសំខាន់ និងជាខែលដ៏រឹងមាំក្នុងការជួយប្រជាកសិករដែលខ្វះបច្ចេកទេស ប្រឈមនឹងបំរែបំរួលអាកាសធាតុ ខ្វះឥណទាន និងប្រឈមហានិភ័យទីផ្សារ។ ប្រជាកសិករ ដែលស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប នឹងទទួលបាននូវការវិនិយោគ និងទុនគ្រប់គ្រាន់ សម្រាប់កសិផលសក្តានុពល ដូចជា ស្រូវអង្ករ ដំឡូងមី និងស្វាយចន្ទីជាដើម។

 


សូមជម្រាបថា នៅក្នុងកិច្ចពិភាក្សា អំពីគម្រោង និងផែនការសកម្មភាពរបស់សមាគមកសិកម្ម ដើម្បីអភិវឌ្ឍជីវភាព កាលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្រសួងកសិកម្ម បានលើកឡើងអំពីគោលនយោបាយអាទិភាពរបស់ក្រសួងកសិកម្ម ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យកសិកម្ម គឺជាការបង្កើតសហគមន៍កសិកម្មទំនើប ដែលមានធនធានមនុស្ស និងថវិកាគ្រប់គ្រាន់ មានការគ្រប់គ្រងដឹកនាំច្បាស់លាស់ មានបច្ចេកទេស និងការចំណាយថ្លៃដើមទាប មានគុណភាព ព្រមទាំងមានផែនការផលិតជាក់លាក់ ដែលអាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ៕

 


 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024