ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញឱ្យមន្ទីរឧស្សាហកម្មខេត្តចំនួន៤ ដើរតួជាស្ពានភ្ជាប់អាជីវកម្មក្នុងស្រុកទៅនឹងការអភិវឌ្ឍស្តង់ដារ

១៨ កញ្ញា ២០២៤ | សេដ្ឋកិច្ច

 

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យមន្ទីរឧស្សាហកម្មខេត្តចំនួន៤ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងសៀមរាប ដើរតួនាទីសកម្ម ក្នុងការផ្សារភ្ជាប់អាជីវកម្មក្នុងស្រុកជាមួយនឹងការអភិវឌ្ឍស្តង់ដារជាតិ ដើម្បីជំរុញកំណើនផលិតកម្ម និងការនាំចេញ។

 

 

ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ច និងពិភាក្សាការងារនៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីពេលថ្មីៗនេះ។ ក្នុងនោះឯកឧត្តម បានលើកឡើងពីសារៈសំខាន់នៃការគាំទ្រ និងការកៀគរការចូលរួមពីវិស័យឯកជន ដើម្បីកំណត់សក្តានុពលផលិតកម្មនៅក្នុងខេត្តនីមួយៗ និងរៀបចំបង្កើតស្តង់ដារជាតិពាក់ព័ន្ធ ដែលឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចជាក់លាក់របស់ខេត្ត ដែលមានដូចជា ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងសៀមរាប ។

 


រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានមានប្រសាសន៍ថា ការអភិវឌ្ឍស្តង់ដារជាតិមានសារៈសំខាន់ ខណៈដែលអាស៊ាននឹងចាប់ផ្តើមអនុវត្ត “ស្តង់ដារសុខដុមនីយកម្មអាស៊ាន” នៅឆ្នាំ២០២៥ ខាងមុខ។ ផលិតផលដែលអនុលោមតាមស្តង់ដារទាំងនេះ នឹងមានលំហូរកាន់តែសេរីនៅក្នុងតំបន់ ប៉ុន្តែផលិតដែលមិនអនុលោមតាមស្តង់ដារ នឹងប្រឈមនូវការលំបាកកាន់តែខ្លាំងក្នុងការប្រកួតប្រជែង ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារក្នុងតំបន់។

 


ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម មានប្រសាសន៍បន្តថា ការពឹងទុកនៃការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជានៅឆ្នាំ២០២៩ គឺជាស្តង់ដារជាតិ នឹងមានតួនាទីកាន់តែសំខាន់ក្នុងការគាំទ្រចក្ខុវិស័យ ២០៣០ និង ២០៥០ របស់កម្ពុជា។ ក្នុងនោះផងដែរ ឯកឧត្តម ចង់ឱ្យមន្ទីរឧស្សាហកម្មខេត្តទាំងបួន ជំរុញចលនាវិស័យឯកជនឱ្យចាប់យកស្ដង់ដារ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃផលិតផល សេវាកម្ម និងប្រតិបត្តិការរបស់ខ្លួន។ ខណៈរហូតមកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាស្តង់ដារជាតិបានអនុម័តស្តង់ដារប្រមាណ ១៧០០ រួមនឹងការអនុម័តស្តង់ដាថ្មីសម្រាប់ស្រាអង្ករកម្ពុជាផងដែរ។

 


សូមជម្រាបថា រយៈពេល៨ខែ ឆ្នាំ២០២៤នេះ កម្ពុជាបានសម្រេចការនាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង ១៧ពាន់លានដុល្លារ កើនឡើង ១៦% ខណៈការនាំចូលមានជិត ១៩ពាន់លានដុល្លារ កើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ក្នុងនោះ ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនទៀត។

 


ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ស្បែកជើង កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024