ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

ក្រុមបុរាណវិទូប៉េរូបានធ្វើកំណាយរកឃើញគ្រោងឆ្អឹងមនុស្សមានអាយុកាលជាង ៣ ពាន់ឆ្នាំមកហើយ

០៩ កញ្ញា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

អដ្ឋិធាតុមនុស្សទាំង ៤ នាក់នេះត្រូវបានគេជីករកឃើញស្ថិតនៅចន្លោះជញ្ជាំងភក់ និងថ្មមួយចំនួននៅជិតជ្រលងភ្នំមួយនៅក្នុងខេត្ត Viru នៅឆ្នេរខ្សាច់មាត់សមុទ្រក្នុងតំបន់ La Libertad នៅប្រទេស ប៉េរូ ដែលស្ថិតនៅតំបន់អាមេរិកខាងត្បូង ជាទីដែលប្រមូលផ្ដុំទៅដោយវប្បធម៌បុរាណសំខាន់ៗជាច្រើនទសវត្សរ៍មកហើយ។

 


លោក Feren Castillo អ្នកវិទ្យាសាស្រ្ដនៅសកលវិទ្យាល័យជាតិ Trujillo របស់ប្រទេស ប៉េរូ ដែលបានគ្រោងស្រាវជ្រាវនៅក្នុងតំបន់នេះបាននិយាយថា អដ្ឋិធាតុ និងជញ្ជាំងទាំងនេះទំនងជាមានអាយុកាលចន្លោះពី៣១០០ឆ្នាំ ទៅ ៣៨០០ឆ្នាំមកហើយ។

ប៉េរូ គឺជាប្រទេសមួយដែលសម្បូរទៅដោយទីតាំងបុរាណវត្ថុនៃយុគសម័យផ្សេងៗគ្នា ហើយក៏ធ្លាប់ជាចក្រភព Inca កាលពីជាង ៥០០ ឆ្នាំមុនដែលពេលនោះប្រទេសនេះមានទឹកដីធំទូលំទូលាយគ្របដណ្ដប់ទូទាំងផ្នែកខាងត្បូងនៃទ្វីបអាម៉េរិកខាងត្បូងដោយលាតសន្ធឹងចាប់ពីភាគខាងត្បូងនៃប្រទេសអេក្វាឌ័រ និងកូឡុំប៊ីបន្តរហូតដល់ភាគកណ្តាលនៃប្រទេសឈីលី ប៉ុន្តែចក្រភពនេះត្រូវបានបិទបញ្ចប់នៅពេលអ្នកចម្បាំងនៃប្រទេសអេស្ប៉ាញបានវាយដណ្ដើមគ្រប់គ្រងទីនោះនៅក្នុងសម័យកាលនោះ។

 


ក្រុមអ្នកស្រាវជ្រាវនៅតំបន់ La Libertad កាលពីខែកក្កដា ក៏បានប្រកាសពីការរកឃើញគ្រោងឆ្អឹងនៃត្រកូលអភិជនចំនួន ១១ នាក់ដែលមានអាយុកាល ៨០០ ឆ្នាំមុនផងដែរ។ អដ្ឋិធាតុទាំងនេះត្រូវបានរកឃើញនៅជិតបន្ទាយដីបាក់បែក Chan Chan ដ៏ធំបំផុតនៅតំបន់អាម៉េរិកខាងត្បូងដែលសាងសង់ឡើងតាមរចនាបទ្មវប្បធម៌ Chimu លាតសន្ធឹងលើឆ្នេរសមុទ្រភាគខាងជើងនៃប្រទេស ប៉េរូ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024