ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

ម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព២រូប ថៃ ដារ៉ូត និង ប៊ុន សុភ័ក្រទេវី រៀបចំកម្មវិធីចែករំលែកបទពិសោធន៍ប្រកួតលើឆាកអន្តរជាតិ

០៩ កញ្ញា ២០២៤ | កម្សាន្ដ

 

លោក Mathew Tan (ម៉ាតសៀវ តាន់) អ្នកគ្រប់គ្រងថ្នាក់ជាតិ និងជាម្ចាស់ The RAMP Academy បានរៀបចំពិធីអបអរសាទរភាពជោគជ័យរបស់ម៉ូដែលតូច ២រូប គឺ ថៃ ដារ៉ូត និង ប៊ុន សុភ័ក្រទេវី ដើម្បីចែករំលែកបទពិសោធន៍ការប្រកួតលើឆាកអន្តរជាតិ។

 


ដើម្បីអបអរសាទរភាពជោគជ័យរបស់ម៉ូដែលតូច ២រូប គឺ កុមារី ថៃ ដារ៉ូត និងកុមារី ប៊ុន សុភ័ក្រទេវី អ្នកគ្រប់គ្រងថ្នាក់ជាតិ លោក Mathew Tan (ម៉ាតសៀវ តាន់) និងជាម្ចាស់ The RAMP Academy បានរៀបចំពិធី Meet & Greet យ៉ាងអធិកអធម កាលពីល្ងាចថ្ងៃទី៧ ខែកញ្ញា កន្លងទៅ ទុកជាការតបស្នងការខិតខំប្រឹងប្រែងរបស់កុមារីកម្ពុជាទាំង ២រូប។

 

 

ក្នុងរាត្រីដ៏សប្បាយរីករាយនេះ ម៉ូដែលវ័យក្មេង ថៃ ដារ៉ូត ម្ចាស់មកុដ World Junior Tourism Ambassador 2024 ពិតជាសប្បាយចិត្តដែល លោកគ្រូ ម៉ាតសៀវ រៀបចំកម្មវិធី Meet & Greet នេះឡើងមក ជាការស្វាគមន៍ និងជាការអបអរសាទរសម្រាប់ខ្លួនដែលបានឈ្នះមេដាយ ពានរង្វាន់ និងមកុដពីឆាកអន្តរជាតិ។ បន្ថែមពីលើនោះ ម្ចាស់មេដាយមាសពីកម្មវិធីប្រកួត World Championship of Performing Arts ក៏បានចែករំលែកបទពិសោធន៍ផ្សេងៗជុំវិញការប្រកួត និងបានផ្តាំឱ្យប្អូនៗកុមារមានភាពក្លាហាន ហ៊ានបញ្ចេញសមត្ថភាពលើឆាកប្រកួត ដើម្បីបង្ហាញឱ្យពិភពលោកឃើញពីភាពពូកែរបស់កុមារកម្ពុជាយើង។

 

 

អ្នកគ្រប់គ្រងថ្នាក់ជាតិ និងជាម្ចាស់ The RAMP Academy លោក Mathew Tan (ម៉ាតសៀវ តាន់) ពិតជារំភើបដែលអាចរៀបចំពិធី Meet & Greet ជូនកូនសិស្សទាំង ២រូប តែគួរឱ្យស្តាយដែលកុមារី ប៊ុន សុភ័ក្រទេវី អវត្តមានក្នុងពិធីជួបជុំនេះ ដោយសារតែបញ្ហាសុខភាព។ យ៉ាងណាមិញ នេះជាភាពជោគជ័យដ៏ធំធេងសម្រាប់លោក ដារ៉ូត និង ទេវី ហើយលោកនឹងបន្តពង្រឹងសមត្ថភាពម៉ូដែលក្មេងបន្តបន្ទាប់ទៀត ដើម្បីជំរុញពួកគេឱ្យឈានទៅដល់ការប្រកួតអន្តរជាតិ។ ឆ្លៀតឱកាសនេះ ម៉ាតសៀវ ក៏បានបង្ហើបគម្រោងថ្មីៗពី The RAMP Academy ឱ្យអាណាព្យាបាលរបស់ប្អូនៗកុមារបានដឹងផងដែរ។

 

 

បកប្រែ៖ «គម្រោងបន្ទាប់សម្រាប់សាលារបស់ខ្ញុំ គឺចង់បង្កើតថ្នាក់រៀនបន្ថែម ដើម្បីពង្រឹងការអភិវឌ្ឍសមត្ថភាពបុគ្គលិកលក្ខណៈ ពង្រឹងសមត្ថភាពពួកគេឱ្យកាន់តែល្អខ្លាំងជាងមុនក្នុងឧស្សាហកម្មនេះ ហើយយើងក៏មានគម្រោងរៀបចំកម្មវិធី I Am Model Search Cambodia ដែលនេះជាលើកទី១សម្រាប់កម្ពុជា តាំងពីយើងឈ្នះជយលាភី I Am Model Search International ហើយ ដារ៉ូត ក៏ជាម្ចាស់ជយលាភីលំដាប់រងទី២ ពីការប្រកួតអន្តរជាតិនេះ។ ... សម្រាប់កម្មវិធីប្រកួត World Championship of Performing Arts គឺឥឡូវនេះយើងកំពុងបើកទទួលពាក្យ ព្រោះវាពិតជាពិបាកខ្លាំងក្នុងការតំណាងកម្ពុជាទៅប្រកួតនៅសហរដ្ឋអាមេរិក ដូចដែលយើងដឹងស្រាប់ហើយថា ការចូលរួមប្រកួតនៅសហរដ្ឋអាមេរិកយើងត្រូវតែមានសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែង ហើយយើងត្រូវតែប្រកួតប្រជែងខ្លាំងសម្រាប់ការប្រកួតនេះ»។

 

 

ក្នុងពិធី Meet & Greet នេះផងដែរ ក៏មានការដើរបង្ហាញម៉ូដពីតារាម៉ូដែលវ័យក្មេងជាច្រើនរូប ដែលពួកគេបានបញ្ចេញសមត្ថភាពដើរម៉ូដយ៉ាងស្ទាត់ជំនាញចំពោះមុខអ្នកចូលរួម ហើយស្នូរសម្លេងទះដៃត្រូវបានបន្លឺឡើងកងរំពងជាការអបអរ និងជាការលើកទឹកចិត្តដល់ម៉ូដែលតូចៗគួរឱ្យស្រលាញ់របស់យើង។ រឹតតែពិសេសជាមួយការបកស្រាយចម្រៀងយ៉ាងពីរោះរណ្តំរបស់សិល្បករពហុជំនាញ វ៉ាត វ៉ាន់ ដែលបានចូលរួមញ៉ាំងពិធី Meet & Greet ឱ្យកាន់តែសប្បាយរីករាយ និងមានភាពអធិកអធមខ្លាំងឡើង។

 

 

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ដារ៉ូត ឈ្នះជយលាភីអន្តរជាតិ ៣ កម្មវិធីផ្សេងៗគ្នា រួមមាន៖ ជយលាភី 2nd Runner up ពីការប្រកួត I Am Model Search International 2024 លើវិញ្ញាសារផ្នែកកុមារ (Kids Category) នៅម៉ាឡេស៊ី កាលអំឡុងខែមករា ឆ្នាំ២០២៤ , ដណ្តើមបានមេដាយមាស និងសំរិទ្ធសរុបចំនួន ៦ ពីការប្រកួតសិល្បៈលំដាប់ពិភពលោក WCOPA (World Championship of Performing Arts) នៅក្រុងឡងប៊ិច រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក កាលពីដើមខែកក្កដា ឆ្នាំ២០២៤ ហើយថ្មីៗនេះ កុមារីវ័យ១០ឆ្នាំនេះ ទើបតែដណ្តើមបានមកុដ World Junior Tourism Ambassador 2024 និងពានរង្វាន់ចំនួន ២ គឹ Best in National Costume , Best in Video Tourism ពីការប្រកួតនៅម៉ាឡេស៊ី។ 

 


ចំណែក កុមារីឆ្លាតវ័យ សុភ័ក្រទេវី ក៏បានឈ្នះមេដាយមាសក្នុងវគ្គ Ellimination Round និងមេដាយប្រាក់វគ្គ Pageant Category រួមទាំងជយលាភីលំដាប់រងទី២ ពីការប្រកួត World Junior Tourism Ambassador 2024 និងពានរង្វាន់ Rising Star ថែមទៀតផង៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024