ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ពិធីការនីរលកក្រោយដែលកំពុងមានប្រជាប្រិយភាព កញ្ញា ពេជ្រ ចាន់ធីតា ថ្មីៗនេះបានឱ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនាងមមាញឹកច្រើនជាមួយអាជីពពិធីការនី បើទោះជាឆ្នាំកន្លងទៅស្រុកទេសកើតមានវិបត្តជំងឺកូវីដ១៩ក៏ដោយ ក៏ទីផ្សារជាពិធីការិនីរបស់កញ្ញាមិនថយចុះឡើយ ពោលមានតែកើនឡើងខ្លាំងទៅវិញ ព្រោះខាងស្ថានីយ៍ទូរទស្សន៍មានកម្មវិធីច្រើនសម្រាប់ថតទុក។
ពេជ្រ ចាន់ធីតា ជាតារាចម្រៀងម្នាក់ដ៏មានទឹកដម អាចបកស្រាយបានទាំងបទមនោសញ្ចេតនា បទទួញសោក និងបទញ៉ាក់កន្ត្រាក់អារម្មណ៍ មុនពេលនាងចាប់អាជីពជាពិធីការនីដូចបច្ចុប្បន្ន។
ដោយសារតែអាជីពជាពិធីការនីធ្វើឱ្យកញ្ញារវល់ច្រើនដកខ្លួនមិនរួច ស្រីស្អាតរាងតូចច្រឡឹងនេះ មិនមានពេលវេលាគ្រប់គ្រាន់់ក្នុងការផលិត និងបញ្ចេញបទចម្រៀងដូចពីមុនឡើយ។ នេះបើតាមការឱ្យដឹងពីកញ្ញា ពេជ្រ ចាន់ធីតា។
ថ្វីបើមិនទាន់មានស្នាដៃចម្រៀងថ្មីៗដើម្បីកំដរ និងបំពេរអារម្មណ៍អ្នកគាំទ្រក៏ពិតមែន ប៉ុន្តែតារាចម្រៀងរូបនេះនៅតែលេចមុខច្រៀងបទចម្រៀង Cover តាមកម្មវិធី Concert តាមបណ្តាស្ថានីយ៍ទូរទស្សន៍ផ្សេងៗ ក្រៅអំពីការទទួលធ្វើជាពិធីការនី ធ្វើឱ្យប្រភពចំនូលរបស់នាងមានការកើនឡើងទ្វេដង។
បច្ចុប្បន្ន ពិធីការនីកម្មវិធីសមរភូមិសួនទឹក របស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ក្តោបការងារជាពិធិការនីណែនពេញៗដៃពីមួយសប្តាហ៍៍ទៅមួយសប្តាហ៍ តួយ៉ាងគ្រាន់តែកម្មវិធីនៅ ស្ថានីយ៍ទូរទស្សន៍ទំនើបភីអិនអិន នាងទទួលបានដល់ទៅ៥ ក្នុងនោះកម្មវិធី Concert មានចំនួន២ ចំណែក៣ទៀតជាកម្មវីធីកម្សាន្តផ្សេងៗ។
ក្រៅពីនេះនាងក៏មានទទួលធ្វើពិធីការនីឱ្យស្ថានីយ៍ទូរទស្សន៍ផ្សេងៗទៀតផងដែរ។ពីធីការនីរាងច្រមិចៗនេះ នៅមិនទាន់អាចកំណត់ពេលវេលាក្នុងការផលិតបទចម្រៀងថ្មីៗឡើងវិញបាននោះទេ ព្រោះថាពេលនេះនាងកំពុងមមាញឹកដកខ្លួនមិនរួចជាមួយការងារជាពិធីការនី៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច