ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥
បន្ទាប់ពីខកខានបញ្ចេញសា្នដៃភាពយន្តថ្មីៗព្រោះកូវីដ១៩ «ស្នេហា Private» ដែលជារឿងថ្មីទី១ក្នុងឆ្នាំ២០២២ របស់ផលិតកម្ម LD Picture ត្រៀមនឹងចាក់បញ្ចាំងតាមបណ្តារោងភាពយន្តនៅថ្ងៃទី១៤ ខែមេសាស្អែកនេះនេះតទៅ។
បន្ទាប់ពីខកខានបញ្ចេញសា្នដៃភាពយន្តថ្មីៗរយៈពេលជាយូរ ព្រោះតែបញ្ហាការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា ទីបំផុតផលិតកម្ម LD Picture ដាច់ចិត្តទម្លាក់រឿងថ្មីលើលើរោងភាពយន្ត។ រឿងថ្មីសន្លាងចំណងជើង «ស្នេហា Private» ត្រូវផលិតកម្ម LD Picture សម្ភោធចាក់បញ្ចាំងយ៉ាងអធិកអធមនៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នៅបរិវេន K Mall ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិល្បករខ្មែរយ៉ាងច្រើនកុះករ។
«ស្នេហា Private» ឬ «Private Love» ត្រូវតែងនិពន្ធឡើងជាពិសេសដោយផ្អែកលើតថភាពពិតក្នុងសង្គមនាពេលបច្ចុប្បន្ន ដែលអ្នកខ្លះចូលចិត្តបើកបង្ហាញទំនាក់ទំនងស្នេហាដែលមាន ខ្លះទៀតចូលចិត្តស្នេហាបែបលួចលាក់ ស្រលាញ់គ្នាលួចលាក់ ឈឺចាប់លួចលាក់។ រឿងនេះទៀតសោធន៍ ក៏មានបង្កប់អត្ថន័យអប់រំ និងគុណតម្លៃជាច្រើនផងដែរ ពោលគឺបង្រៀនឱ្យយើងចេះស្មោះត្រង់ហ៊ានប្រឈមមុខជាមួយស្ថានភាពដែលបានកើតឡើង និងបង្ហាញឱ្យឃើញថា សេចក្តីស្នេហាមិនមែនជារឿងមិនល្អ តែស្នេហាអាចកែប្រែរឿងមិនល្អមួយចំនួនមកជារឿងល្អបាន ប្រសិនយើងជ្រើសរើសមានស្នេហាបែបត្រឹមត្រូវ។
ព្រោះទេពកោសល្យ និងសមត្ថភាពកំប្លែងពីកំណើតរបស់តារាកំប្លែងនាយគ្រឿន ធ្វើឱ្យរឿង «ស្នេហា Private» ពោរពេញដោយភាពកំប្លុកកំប្លែង ពិសេសកាយវិការទឹកមុខរបស់លោក គួបផ្សំទេពកោសល្យសម្តែងរបស់តារាចម្រៀងមុខជ្រុងៗ នូ ឧសភា និងស្រីស្អាតវ័យក្មេង២រូបគឺកញ្ញា ម៉ូនីតា និងស្រី លិក ធ្វើឱ្យអ្នកចូលទស្សនានាថ្ងៃបើកសម្ភោធផ្ទុះសំណើចយ៉ាងកងរំពងពេញរោងភាពយន្តតែម្តង។
លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture បានប្រាប់ឱ្យ PNN ដឹងថា លោករីករាយដែលចាប់ផ្តើមមានភាពយន្តខ្មែរតាមបណ្តារោងភាពយន្តវិញ បន្្ទាប់ពីខកខានរយៈពេលជាយូរ។ ការជ្រើសរើសរឿង «ស្នេហា Private» ជាការបើកទំព័រនៃការដាក់រឿងលើរោងភាពយន្តឡើងវិញនៅពេលនេះ ព្រោះ LD Picture ចង់ផ្តល់ភាពសប្បាយរីករាយដល់អ្នកមើល តាមរយៈសាច់រឿងស្នេហាបែបកំប្លែង ដើម្បីឱ្យគ្រប់គ្នាបានរំសាយអារម្មណ៍ធុញថប់ដែលកើតមានដោយសារជំងឺកូវីដ១៩។
ផ្នែកលើគុណភាពសាច់រឿង បច្ចេកទេសទំនើបក្នុងការផលិត និងការសម្រិតសម្រាងប្លង់ និងតួអង្គ លោកជឿជាក់យ៉ាងមុតមាំថា រឿងនេះនឹងទទួលការគាំទ្រពីទស្សនិកជន។កុំភ្លេចមកទទួលភាពរីករាយជាមួយរឿង «ស្នេហា Private» ជារឿងស្នេហាបែបកំប្លុកកំប្លែង។ រឿងនេះ ចាប់ចាក់បញ្ចាំងតាមបណ្តារោងភាពយន្តចាប់ពីថ្ងៃទី១៤ ខែមេសាស្អែកនេះតទៅ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច