ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤

រដ្ឋសភា អនុម័តច្បាប់២ ដើម្បីបញ្ចៀសកម្ពុជា មិនឱ្យចូលក្នុងបញ្ជីខ្មៅ

០៥ មិថុនា ២០២០ | ព័ត៌មានជាតិ

នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋសភាបានបោះឆ្នោតអនុម័តជាឯកច្ឆន្ទនូវសេចក្ដីព្រាងច្បាប់សំខាន់ៗចំនួនពីរ ដែលក្រសួងមហាផ្ទៃព្រាងឡើងដើម្បីបញ្ចៀសពីការឈានទៅដាក់ប្រទេសកម្ពុជាក្នុងបញ្ជីខ្មៅដែលនាំឱ្យប៉ះពាល់ដល់ប្រតិបត្តិការហិរញ្ញវត្ថុ។ រដ្ឋមន្ត្រីមហាផ្ទៃបានឡើងការពារសេចក្ដីព្រាងច្បាប់ទាំងពីរនេះដោយផ្ទាល់។

 


សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនិងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ត្រូវបានអង្គសភា ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បោះឆ្នោតអនុម័តជាបន្តបន្ទាប់ដោយសំឡេងគាំទ្រជិត១២០សំឡេង។
មានប្រសាសន៍ក្នុងកាសឡើងការពារសេចក្ដីព្រាងច្បាប់ទាំងពីរនេះ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនអង្គសភាអំពីភាពចាំបាច់ដែលកម្ពុជាត្រូវមានច្បាប់ទាំងពីរនេះ។

 

 


សូមបញ្ជាក់ថា ប្រសិនបើកម្ពុជា ត្រូវបានអង្គការនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្ដីពីការសំអាតប្រាក់ឈានទៅដាក់ចូលក្នុងបញ្ជីខ្មៅ នោះផលប៉ះពាល់គឺអាចជះជាអវិជ្ជមានទៅលើប្រពន្ធហិរញ្ញវត្ថុកម្ពុជា នាំឱ្យប៉ះពាល់ដល់លំហូរនៃការវិនិយោគ ការផ្ដល់ប្រាក់កម្ចី ឬជំនួយពីសហគមន៍អន្តរជាតិ។ នេះបើតាមកិច្ចប្រជុំកាលពីពេលពិភាក្សាតាក់តែងសេចក្ដីព្រាងច្បាប់ទាំងពីរនេះនៅក្រសួងមហាផ្ទៃ កាលពីខែឧសភា៕


អត្ថបទ៖ រ៉េន រតនៈ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024