ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤

ច្បាប់ស្ដីពីការមិនយកពន្ធត្រួតគ្នារវាងប្រទេសកម្ពុជា ជាមួយប្រទេសម៉ាឡេស៊ី និងសាធារណៈរដ្ឋកូរ៉េ បានឆ្លងផុតព្រឹទ្ធសភាហើយ

២៧ តុលា ២០២០ | ព័ត៌មានជាតិ

នៅព្រឹកមិញនេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពឯកឧត្ដម ស៊ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា និងព្រឹទ្ធសមាជិកចំនួន ៥៧រូប ដោយពិភាក្សាលើរបៀបវារៈចំនួន៩ ក្នុងនោះ ក៏មានសេចក្ដីព្រាងច្បាប់ ស្ដីពី ការមិនយកពន្ធត្រួតស៊ីគ្នារវាងកម្ពុជា ជាមួយប្រទេសម៉ាឡេស៊ី និងសាធារណៈរដ្ឋកូរ៉េ ផងដែរ។

 


កិច្ចប្រជុំព្រឹទ្ធសភានាព្រឹកមិញនេះក៏បានពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ ម៉ាឡេស៊ី និងសាធារណៈរដ្ឋកូរ៉េ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ក្នុងគោលដៅទាក់ទាញ សម្រួលការវិនិយោគ និងពាណិជ្ជកម្ម អន្តរជាតិ ព្រមទាំងទប់ស្កាត់ និងបង្រ្កាបការកិបកេងបន្លំពន្ធទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ក៏ដូចជាក្នុងការបំពេញកាតព្វកិច្ចក្របខ័ណ្ឌអាស៊ាន ។

 


សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១១៣សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។ ឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានចូលរួមការពារសេចក្តីព្រាងច្បាប់នេះនៅព្រឹទ្ធសភា ដោយចាត់ទុកថា សេចក្ដីព្រាងច្បាប់នេះ មានសារៈសំខាន់ចូលរួមជំរុញសេដ្ឋកិច្ចជាតិ។

 


អ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្ដម ម៉ម ប៊ុននាង សេចក្ដីព្រាងច្បាប់នេះមានលក្ខណៈស្រដៀងគ្នាជាមួយសេចក្ដីព្រាងច្បាប់ចំនួន៧ផ្សេងទៀត ដែលរាជរដ្ឋាភិបាលធ្លាប់បានធ្វើរួចហើយ ជាមួយប្រទេសសឹង្ហបុរី ថៃ ចិន វៀតណាម ឥណ្ឌូនេស៊ី ប្រ៊ុយណេ និងហុងកុង រួចមកហើយ។ សេចក្ដីព្រាងច្បាប់នេះ តាក់តែងឡើងដើម្បីបំពេញការតព្វកិច្ចក្រោមក្របខ័ណ្ឌអាស៊ានក៏ដូចជាក្នុងគោលដៅទាក់ទាញ និងសម្រួលការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់ បង្ក្រាបការកិបកេងបន្លំពន្ធ។

 


អ្នកនាំពាក្យព្រឹទ្ធសភារូបនេះ យល់ឃើញថា សេចក្ដីព្រាងច្បាប់ខាងលើពិតជាបានចូលរួមចំណែកក្នុងឧត្ដមប្រយោជន៍របស់ជាតិពិតមែន។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

អត្ថបទ៖ សំ ជំនាញ,រូបភាព៖ និន សុខលី
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024