ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

រដ្ឋសភាត្រៀមអនុម័តច្បាប់អាវុធមហាប្រល័យ ការសំអាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មព្រាងដោយមហាផ្ទៃ

០៣ មិថុនា ២០២០ | ព័ត៌មានជាតិ
រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គនៅថ្ងៃទី ០៤ ខែមិថុនាខាងមុខនេះ ដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ និងសេចក្ដីព្រាងច្បាប់ ស្ដីពី ការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម។ សេចក្ដីព្រាងច្បាប់ទាំងពីរនេះ បានព្រាងឡើង ដោយក្រសួងមហាផ្ទៃ សំដៅឱ្យកម្ពុជា មានយន្តការគ្រប់គ្រាន់ឆ្លើយតបនឹងបរិបទអន្តរជាតិ។
 

ការប្រកាសត្រៀមបើកិច្ចប្រជុំពិភាក្សា និងអនុម័ត សេចក្ដីព្រាងច្បាប់សំខាន់ៗទាំងពីរនេះ ត្រូវបានប្រកាសឱ្យដឹងដោយអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកិច្ចប្រជុំកាលពីព្រឹកមិញនេះ។ ក្នងសន្និសីតកាសែត ឯកឧត្តមអគ្គលេខាធិការ ឡេង ប៉េងឡុង បានផ្ដល់ការអត្ថាធិប្បាយត្រួសៗអំពីគោលបំណងនៃច្បាប់ទាំងពីរនេះ។

សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ និងសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ត្រូវបានព្រាងឡើងដោយក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង ធ្លាប់បានមានប្រសាសន៍ថាការតាក់តែងច្បាប់ទាំងពីរនេះ គឺដើម្បីឆ្លើយតបនឹងយន្តការអន្តរជាតិដែលកម្ពុជាបានផ្ដល់សច្ចាប័នរួមកហើយ។
 
 

ក្នុងកិច្ចប្រជុំកាលពីពាក់កណ្ដាលខែឧសភាកន្លងទៅ សម្ដេចរដ្ឋមន្ត្រីមហាផ្ទៃក៏បានបញ្ជាក់ដែរថាដោយសារកម្ពុជាមិនទាន់មានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តគ្រប់គ្រាន់ គណៈកម្មការអន្តរជាតិមួយដែលមានបេសកកមក្មប្រឆាំងការរីកសាយអាវុធមហាប្រល័យ និងហិរញ្ញប្បទានភេវរកម្ម បានដាក់កម្ពុជាដែលជាសមាជិក ចូលទៅក្នុងបញ្ជីប្រផេះ។

សម្ដេចបានបន្ថែមថាព្រោះតែហេតុដូច្នេះហើយ ក្រសួងមហាផ្ទៃ បានដឹកនាំក្រសួងសេដ្ឋកិច្ចធ្វើបច្ចុប្បន្នភាពច្បាប់ទាំងពីរនេះឡើងវិញ តារយៈការបង្កើតច្បាប់ថ្មីតែម្ដង ដើម្បីបញ្ចៀសការឈានទៅដាក់ចូលក្នុងបញ្ជីខ្មៅ ដែលនាំឱ្យប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុ និងប៉ះពាល់ការវិនិយោគ។
 

ដោយឡែកក្រៅពីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ទាំងពីរនេះ នៅក្នុងកិច្ចប្រជុំពេញអង្គថ្ងៃទី៤ ខែមិថុនានោះ រដ្ឋសភាក៏នឹងពិភាក្ស អនុម័ត សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមឱ្យកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្ដីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសីល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ដែរ៕

អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ សែត ប៊ុនថាន់

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024