ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤

រដ្ឋសភាពិនិត្យសេចក្ដីព្រាងច្បាប់ ៣ រួមទាំងច្បាប់គ្រប់គ្រងល្បែងពាណិជ្ជកម្ម

០៧ សីហា ២០២០ | ព័ត៌មានជាតិ

សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ សេចក្តីព្រាងច្បាប់ស្តីពី ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងកម្ពុជា និងកូរ៉េខាងត្បូង បានទៅដល់ដៃរដ្ឋសភាហើយ។

 


នៅព្រឹកមិញនេះ សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និងសម្រេចប្រគល់ឱ្យគណៈកម្មការជំនាញរដ្ឋសភាយកទៅសិក្សាបន្ត មុនពេលគណៈអចិន្ត្រៃយ៍សម្រេចដាក់ឱ្យសមាជិករដ្ឋសភាអនុម័តតាមសំណើររាជរដ្ឋាភិបាល។


គណៈកម្មាធិការអចិន្រ្តៃយ៍បានសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ ដល់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម។

 


ប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដល់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ។ 


ដោយឡែកសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានប្រគល់ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន៕

អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ សែត ប៊ុនថាន់

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024