ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤

សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា និងវៀតណាម ឆ្លងផុតព្រឹទ្ធសភាហើយ

១៣ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

ដូចការគ្រោងទុក នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកានេះ ព្រឹទ្ធសភា បានប្រជុំពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ 

 


សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា និងវៀតណាម តាក់តែងឡើងមានគោលបំណងច្បាស់លាស់ គឺរាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តដ៏មោះមុត និងសុឆន្ទៈ ដើម្បីសម្រេចឱ្យបានព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។

 


លោកបន្តថា ច្បាប់នេះក៏ដើម្បីសុភមង្គល និងភាពរុងរឿងរបស់ប្រជាជាតិ និងប្រជាជនកម្ពុជា ប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនមានសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសភូមិផងរបងជាមួយ ស្របតាមគោលការណ៍ច្បាប់ជាតិ និងការអនុវត្តជាអន្ដរជាតិ ស្ដីពីបញ្ហាព្រំដែន ព្រមទាំងយោងតាមសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥។

 


សេចក្ដីព្រាងច្បាប់នេះ ជាឯកសារបច្ចេកទេសផ្លូវច្បាប់ ដែលបានកត់ត្រាទុកយ៉ាងលម្អិតខ្សែព្រំដែនគោករវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលជាការធានាការពារបូរណភាពទឹកដីកម្ពុជា ក្នុងរង្វង់ក្រឡាផ្ទៃ ១៨១.០៣៥ គីឡូម៉ែត្រក្រឡា ដោយផ្អែកលើផែនទីបោនខ្នាត ១/១០០ ០០០ ដែលបន្សល់ទុកដោយអាណានិគមនិយមបារាំង។ ដូចមាន ចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបានតម្កល់ទុកជាឯកសារ នៅអង្គការសហប្រជាជាតិ ដែលភាគីទាំងពីរបានឯកភាពគ្នាជាមូលដ្ឋាន ក្នុងការខណ្ឌសីមា និងបោះបង្គោលព្រំដែន អមដោយផែនទីឋានលេខាព្រំដែនគោកខ្នាត ១/២៥ ០០០ ចំនួន ៩២ផ្ទាំង ដែលរំលេចបង្គោលព្រំដែននៅលើផែនទី និងមានកត់ត្រានិយាមកាច្បាស់លាស់។

 

 

សូមបញ្ជាក់ថា សមិទ្ធផលការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកសម្រេចបាន ៨៤% ហើយនៃខ្សែព្រំដែនរួម ដែលក្នុងនោះខណ្ឌសីមាព្រំដែនបានប្រវែង ១ ០៤៥គីឡូម៉ែត្រ និងបោះបង្គោលព្រំដែនធំ បានចំនួន ៣១៥បង្គោល។ នៅសល់១៦ភាគរយទៀត ភាគីទាំងពីរកំពុងដោះស្រាយបន្ត។ ចំពេោះសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានអង្គព្រឹទ្ធសភាអនម័តក្នុងសំឡេង៥២នៃសមាជិកព្រឹទ្ធសភាសរុប៕

 

អត្ថបទ៖ សំ ជំនាញ        រូបភាព៖ និន សុខលី
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024