ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤

មហាផ្ទៃព្រាងច្បាប់ប្រឆាំងការផ្ដល់ហិរញ្ញប្បទានបង្កើតអាវុធមហាប្រល័យ និងភេវរកម្ម

២៨ មេសា ២០២០ | ព័ត៌មានជាតិ

សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យលើកទី៣ និងសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាណភេវរកម្ម ព្រាងឡើងដោយអន្តរក្រសួង ដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ចប់ការតាក់តែងហើយ នៅឡើយតែការបញ្ជូនទៅសុំការអនុម័តពីគណៈរដ្ឋមន្ត្រីប៉ុណ្ណោះ។

 

 

ការបង្កើតច្បាប់ទាំងពីរនេះ មិនមែនតម្រូវតែសម្រាប់ស្ថានភាពនៃការវិវត្តន៍ក្នុងសង្គមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីឆ្លើយតបនឹងនិន្នាការសកល និងបទដ្ឋានអន្តរជាតិដែរ ដ្បិតបើតាមសម្ដេចក្រឡាហោម ថ្លែងក្នុងកិច្ចប្រជុំចុងក្រោយកាលពីព្រឹកមិញនេះ តាមរយៈច្បាប់ទាំងពីរនេះ កម្ពុជានឹងត្រូវបានដកចេញពីបញ្ជីប្រផេះដែលកំណត់ក្នុងច្បាប់ និងបទដ្ឋានអន្តរជាតិ។

 

កម្ពុជាបានចូលជាសមាជិកក្រុមអាស៊ីប៉ាស៊ីហ្វិកស្ដីពីការប្រឆាំងការសំអាតប្រាក់ APGនៅឆ្នាំ២០០៤។ ប៉ុន្តែក្រុមការងារAPGបានរកឃើញថាកម្ពុជានៅខ្វះក្របខណ្ឌគតិយុត្តិ ដែលមិនទាន់ឆ្លើយតបនឹងនិន្នាការនៃការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម។ ព្រោះតែដូច្នេះហើយAPGបានដាក់ប្រទេសកម្ពុជាក្នុងបញ្ជីប្រផេះនៅឆ្នាំ២០១១។

 

 

មន្ត្រីជាន់ខ្ពស់ធានាគារជាតិនៃកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំថា ដើម្បីចេញពីបញ្ជីប្រផេះនេះ កម្ពុជាត្រូវបង្កើតគណៈកម្មការសម្របសម្រួលថ្នាក់ជាតិស្ដីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម វិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ចែងពីការដាក់ទោសបទ កំណត់យន្តការស្ដីពីការចាប់ បង្កករឹបអូសផលនៃបទល្មើស។ 

 

នៅឆ្នាំ២០១៥ កម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ បន្ទាប់ពីបានបង្កើតគណៈកម្មាធិការសម្របសម្រួល និងបានធ្វើវិសោធនកម្មច្បាប់ ឆ្លើយតបនឹងការតម្រូវពីក្រុមអាស៊ីប៉ាស៊ីហ្វិកស្ដីពីការប្រឆាំងការសំអាតប្រាក់។ ប៉ុន្តែនៅឆ្នាំ២០១៦ ក្រុមការងារAPGបានចុះមកពិនិត្យម្ដងទៀត និងបានរកឃើញថានិន្នាការថ្មីនៃអំពើភេវរកម្ម ការលាងសំអាតប្រាក់ បានដើរទៅហួសពីយន្តការដែលកម្ពុជាមាន និងបានដាក់កម្ពុជាក្នុងបញ្ជីប្រផេះម្ដងទៀត។

 

 

ព្រោះហេតុដូច្នេះហើយ កម្ពុជា ដោយមានការជួយជ្រោមជ្រែងពីមូលនិធិរូបិយវត្ថុអន្តរជាតិ បានសម្រេចបង្កើតច្បាប់ថ្មីតែម្ដង គឺសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យលើកទី៣ និងសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាណភេវរកម្ម។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងក្នុងកិច្ចប្រជុំថាតាមរយៈច្បាប់ទាំងពីរនេះ កម្ពុជានឹងត្រូវបានដកចេញពីបញ្ជីប្រផេះ។

 

អ្វីទៅជាបញ្ជីប្រផេះ? បញ្ជីប្រផេះគឺជាបញ្ជីកំណត់ដោយក្រុមអាស៊ីប៉ាស៊ីហ្វិកប្រឆាំងការសំអាតប្រាក់ដើម្បីទប់ស្កាត់ការយកប្រាក់ទៅគាំទ្រសកម្មភាពផលិតអាវុធមហាប្រល័យ និងអំពើភេវរកម្ម។ គ្រាន់តែស្ថិតក្នុងបញ្ជី្ផផេះនេះ កម្ពុជាត្រូវបានកំណត់ ប្រទេសមានហានីភ័យខ្ពស់ ធ្វើឱ្យអ្នកវិនិយោគមានការរារែក និងអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច។

 

 

ប្រសិនបើស្ថិតក្នុងបញ្ជីខ្មៅវិញ គឺប្រតិបត្តិការផ្ទេរប្រាក់ចេញ និងចូលប្រទេស និងត្រូវគាំងតែម្ដង ដែលបញ្ហានេះនឹងធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ធានាគារជាតិថ្លែងគូសបញ្ជាក់ក្នុងកិច្ចប្រជុំនៅទីស្ដីការក្រសួងកាលពីព្រឹកមិញ៕

 

អត្ថបទ៖ រ៉េន រតនៈ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024