ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០២៤

ក្រសួងពាណិជ្ជកម្ម ចាត់ទុកកម្មសិទ្ធិបញ្ញា ជាផ្នែកមួយដ៏សំខាន់ក្នុងការវិស័យពាណិជ្ជកម្ម

០១ ឧសភា ២០២៤ | សេដ្ឋកិច្ច

 

ថ្លែងក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្មសិទ្ធិបញ្ញា គឺជាឧបករណ៍មួយដ៏ចាំបាច់ក្នុងការជំរុញពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវាកម្ម ការជំរុញធុរកិច្ចថ្មី និងសហគ្រាសមីក្រូ តូច និងមធ្យម និងវិនិយោគផ្ទាល់ពីបរទេស តាមរយៈការបង្កើតតម្លៃបន្ថែម ការធ្វើពាណិជ្ជូបនីយកម្ម ការបង្កើតប្រភពហិរញ្ញវត្ថុ ការជំរុញនវានុវត្តន៍ និងការស្រាវជ្រាវនិងការអភិវឌ្ឍ តាមរយៈការផ្ទេរបច្ចេកវិទ្យាជាដើម។

 


ផ្សារភ្ជាប់ទៅនឹងមូលបទទិវាកម្មសិទ្ធិបញ្ញាឆ្នាំ២០២៤ ដែលពាក់ព័ន្ធគោលដៅអភិវឌ្ឍប្រកបដោយចីរភាព លោកជំទាវរដ្ឋមន្ត្រី បន្ថែមថាអនុវត្តឱ្យបានពេញលេញ និងមានស័ក្តិសិទ្ធិភាពនូវគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញាឆ្នាំ២០២៣-២០២៨ ដែលជាផែនទីបង្ហាញផ្លូវអភិវឌ្ឍកម្មសិទ្ធិបញ្ញា ឆ្លើយតបនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ ឆ្ពោះទៅរកសេដ្ឋកិច្ចបៃតងប្រកបដោយចីរភាព និងភាពប្រកួតប្រជែងក្នុងវិស័យសេដ្ឋកិច្ច។

 


ជាពិសេស ក្នុងនាមប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញនូវ ការប្តេជ្ញា ចិត្តអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដើម្បីអភិវឌ្ឍកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យក្លាយជាកម្លាំងចលករអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និង ទេសចរណ៍។ 

 


ឱកាសនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ក៏បានសម្តែងនៅក្តីសោមន្សរីករាយចំពោះការចូលរួមក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤។ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចនូវតម្រូវការចន្ទល់សេដ្ឋកិច្ចថ្មីរបស់កម្ពុជាដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាពដែលការណ៍នេះបង្ហាញឱ្យឃើញនូវភាពចាំបាច់នៅក្នុងការជំរុញនវានុវត្តន៍តាមរយៈការលើកកម្ពស់កម្មសិទ្ធិបញ្ញា ការបង្កើតតក្កកម្មថ្មី អភិវឌ្ឍន៍ការសិក្សាស្រាវជ្រាវ ដើម្បីបង្កើនផលិតភាពសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។ 

 


លោក Pablo KANG ភារធារីនៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា  តំណាងស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ចនៅតំបន់ ASEAN ដែលការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងសតវត្សរ៍ទី២១ ជាពិសេសកម្ពុជាបានស្តារនូវកំណើនសេដ្ឋកិច្ចខ្ពស់ឡើងវិញនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក Pablo KANG បានសង្កត់ធ្ងន់ចំពោះតួនាទីកម្មសិទ្ធិបញ្ញាដែលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការកសាងភាពជឿជាក់ កិច្ចសហប្រតិការអន្តរជាតិ និងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។

 


លោកសម្តែងនូវក្តីរីករាយដែលចំពោះការចូលរួមរបស់កម្ពុជានៅក្នុងការអនុវត្តគម្រោងកម្មវិធីពាណិជ្ជកម្មក្នុងតំបន់ដើម្បីការអភិវឌ្ឍ (Regional Trade for Development – RT4D) ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលអូស្ត្រាលី ដើម្បីលើកកម្ពស់ការប្រើប្រាស់កិច្ចព្រមព្រៀង AANZFTA and RCEP ។ តាមរយៈការប្រើប្រាស់កម្មសិទ្ធិបញ្ញានៅក្នុងគម្រោង លោកមានសុទិដ្ឋិនិយមថា អាជីវកម្មកម្ពុជានឹងអាចទទួលបានអត្ថប្រយោជន៍ពីការច្នៃប្រឌិត និងសមាហរណកម្មកាន់តែច្រើនទៅក្នុងពាណិជ្ជកម្មពិភពលោក ជំរុញការប្រកួតប្រជែង ជំរុញការនាំចេញរបស់កម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ចទាំងមូល។


ប្រសិនបើមិនមានការពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញាជាសកល ដែលបានជំរុញនវានុវត្តន៍ ដូចជាការអភិវឌ្ឍ បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាបង្កើនផលិតភាពកសិកម្ម និងការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីបង្កើនប្រសិទ្ធភាពប្រើប្រាស់ធនធានឱ្យអស់លទ្ធភាព បង្កើតការងារ លើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជននោះ ការសម្រេចបាននូវសូចនាករ ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ នាពេលកន្លងមក គឺមិនអាចសម្រេចបានតាមបំណងនោះទេ៕
 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ សុជាតា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024