ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤

ការនាំចេញកៅស៊ូវៀតណាមកើនដល់ជាង ៦០០លានដុល្លារ ក្នុងត្រីមាសទី១

០១ ឧសភា ២០២៤ | សេដ្ឋកិច្ច

 

 

ប្រទេសវៀតណាម បាននាំចេញកៅស៊ូចំនួន ៤០ម៉ឺនតោនក្នុងតម្លៃជាង ៦០៧លានដុល្លារអាមេរិក ក្នុងរយៈពេល ៣ខែដំបូង ឆ្នាំនេះ ដោយចិន នៅតែជាទីផ្សារធំបំផុតរបស់វៀតណាម។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកវៀតណាម ចេញផ្សាយនៅថ្ងៃនេះ។

 

 

បើតាមអគ្គនាយកដ្ឋានគយវៀតណាម បានបង្ហាញថា ក្នុងខែមីនា ប្រទេសវៀតណាម បាននាំចេញកៅស៊ូចំនួន ១១ម៉ឺនតោនទៅកាន់ទីផ្សារបរទេស ដែលបង្កើតបានចំណូលជាង ១៨០លានដុល្លារ ដោយបានបង្ហាញពីការកើនឡើង ៨% នៅក្នុងបរិមាណ និង ១៤% នៅក្នុងតម្លៃ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

 


ក្នុងរយៈពេល ៣ខែនេះ កៅស៊ូវៀតណាម ត្រូវបានបញ្ជាទិញក្នុងតម្លៃជាមធ្យម ១.៤៦៦ដុល្លារអាមេរិកក្នុងមួយតោន នៅលើទីផ្សារអន្តរជាតិ ដែលជាការកើនឡើង ៥% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។

 


ប្រទេសចិន នៅតែជាអ្នកទិញកៅស៊ូវៀតណាមច្រើនជាងគេ ដែលស្មើនឹង ៥២% នៃការនាំចេញកៅស៊ូសរុបរបស់វៀតណាម។ក្នុងខែមីនា ប្រទេសចិន បាននាំចូលជាង ៦ម៉ឺនតោន ដែលមានតម្លៃ ៩០លានដុល្លារ ខណៈតម្លៃជាមធ្យមនៃការនាំចេញកៅស៊ូទៅកាន់ប្រទេសចិន មានចំនួន ១.៤៧៩ដុល្លារក្នុងមួយតោន កើនឡើង ៣%។

 


ដោយឡែក នៅក្នុងត្រីមាសទី ១ ឆ្នាំនេះ ប្រទេសចិនបាននាំចូលកៅស៊ូចំនួន ២៨ម៉ឺនតោន ដែលមានតម្លៃជាង ៤០០លានដុល្លារ នេះបើយោងតាមនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេស ក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។

សូមបន្ថែមថា ប្រទេសឥណ្ឌា បានសម្រេចចិត្តកាត់បន្ថយពន្ធនាំចូលលើ រថយន្តអគ្គិសនីដែលផលិតដោយក្រុមហ៊ុនដែលវិនិយោគយ៉ាងហោចណាស់ ៥០០លានដុល្លារ ហើយចាប់ផ្តើមផលិតកម្មក្នុងស្រុកក្នុងរយៈពេល ៣ឆ្នាំ ដោយការអភិវឌ្ឍន៍នេះ ផ្តល់ផលល្អសម្រាប់តម្រូវការកៅស៊ូវៀតណាម ក្នុងការផលិតសំបកកង់របស់ប្រទេសឥណ្ឌា៕


 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024