ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤

កម្ពុជា និងបណ្តាប្រទេស RCEP សម្រេចពាណិជ្ជកម្មជាង ៨ពាន់លានដុល្លារ ក្នុងត្រីមាសទី ១

០១ ឧសភា ២០២៤ | សេដ្ឋកិច្ច

 

នៅក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២៤នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មអន្តរជាតិជាង ៨ពាន់លានដុល្លារអាមេរិក ជាមួយបណ្តាប្រទេសជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP។

 

 

នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។ ប្រភពដដែលបានគូសបញ្ជាក់ថា តួលេខពាណិជ្ជកម្មខាងលើនេះ មានការកើនឡើង ១៤% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។

 


កម្ពុជា សម្រេចបានការនាំចេញជាង ២ពាន់ ៦រយលានដុល្លារអាមេរិក ទៅកាន់បណ្តាប្រទេស RCEP ដែលកើនឡើង ២៥% ខណៈការនាំចូលមកវិញ កម្ពុជា បាននាំចូលទំនិញជាង ៥ពាន់ ៦រយលានដុល្លារអាមេរិក កើន ១០%។

 


គោលដៅនាំចេញកំពូលរបស់កម្ពុជា ក្នុងសមាជិក RCEP រួមមាន វៀតណាម ប្រទេសថៃ និងសិង្ហបុរី។ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញឱ្យដឹងដែរថា ទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមានចំណែកប្រមាណ ៦១% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។

 


កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP បានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ មាន ១៥ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងរដ្ឋសមាជិកទាំង ១០ នៃអាស៊ាន និងដៃគូពាណិជ្ជកម្មចំនួន ៥ គឺចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

 


បើតាម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មអន្តរជាតិប្រមាណ ១២ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១២% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024